(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចូលរួមផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ២០២២ International Travel Expo Ho Chi Minh City 2022 (ITE HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ សំដៅទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។
សកម្មភាពនេះដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងសិល្បករមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមហ៊ុនឯកជន អ្នកសារព័ត៌មាន សរុបប្រមាណជាង១០០នាក់។ នេះគឺជាលើកទី១៦ហើយដែលកម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិនៅប្រទេសវៀតណាម។
គួរជម្រាបថា ពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២នេះធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានគោលបំណងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ។
នាឱកាសនោះ កម្ពុជាក៏បានទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទីពីរពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។ ការទទួលពាន់រង្វាន់ទាំងពីរនេះធ្វើឡើងនារាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ចុចទីនេះ
លុះដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការ នៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ និងមានការដើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (VIP Tour) ទស្សនាតាមស្តង់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមក្នុងពិព័រណ៍នេះ ក្នុងនោះក៏បានមកទស្សនាស្ដង់ពិព័រណ៍របស់កម្ពុជាផងដែរ។ ចុចទីនេះ
ឱកាសនៃការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិនោះ វៀតណាមក៏បានរៀបចំវេទិកាកម្រិតខ្ពស់មួយស្តីពីដំណោះស្រាយលើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលមានអ្នកចូលរួមប្រមាណ៣៥០នាក់ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនាមតំណាងកម្ពុជាក៏បានចូលរួមចែករំលែកបទពិសោធន៍ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាអំលុងពេលជួបវិបត្តិកូវីដ១៩ផងដែរ ដូចជា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ជូនប្រជាជនទូទាំងប្រទេសកម្ពុជា ការស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ទស្សនវិស័យអនាគតនៃវិស័យទេសចរណ៍ ជាពិសេសការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។ ចុចទីនេះ
នៅរាត្រីថ្ងៃទី៨ ខែកញ្ញាដដែល ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីរាត្រីកម្ពុជាឆ្នាំ២០២២ ឬ Cambodia Night 2022 ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌របស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ២០២២នៅទីក្រុងហូជីមិញនោះ។ ចុចទីនេះ
បន្តពីថ្ងៃទី៨ដល់ថ្ងៃទី១១ កម្ពុជាគឺនៅបន្តចូលរួមក្នុងពិព័រណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ២០២២ទៀត។ នៅពន្លារបស់កម្ពុជារៀបចំតុបតែងនិងមានរចនាជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។ ក្រៅពីការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមទាំងមូល ក៏មានការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ម៉ាយស៍ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
នៅពន្លារបស់កម្ពុជានេះដែរក៏មានការសម្តែងរបាំជូនពរស្វាគមន៍ និងផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកទស្សនាពន្លាកម្ពុជា ព្រមទាំងថតរូបភាពជាមួយសិល្បករ/សិល្បការិនីទុកជាអនុស្សាវរីយ៍។ ក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងមានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ។ ចំពោះផ្នែកឯកជនដែលមាន១២ក្រុមហ៊ុនក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវទេសចរវៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។
តាមរយៈព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍មានការរំពឹងថាកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩,៧៨២នាក់ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២២៕