(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញ សេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការពុលចំណីអាហារ ក្នុងកំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្វីត្បិតតែស្ថានភាពរាតត្បាតវីរុសកូវីដ-១៩ នៅលើសាកលលោក ហាក់មានការធូរស្រាលបន្តិចមែន ក៏ប៉ុន្តែវីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាក់ស្ដែងនៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើសកលលោកបានបង្ហាញថា មានករណីជំងឺកូវីដ-១៩ សរុបចំនួនជាង ៦០០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុបជាង ៦លាន ៤០០ពាន់នាក់ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, កម្ពុជាបានគ្រប់គ្រង និងឆ្លើយតបទៅនឹងការរាតត្បាតវីរុសកូវីដ-១៩ បានយ៉ាងល្អប្រសើរ ហើយការស្រោចវ៉ាក់សាំងកូវីដ-១៩ ទទួលបានអត្រាគ្របណ្ដប់ខ្ពស់លើសពី ៩៤% ក្នុងចំណោមប្រជាជនប្រមាណ ១៦លាននាក់ ដែលបានអនុញ្ញាតឱ្យមានការបើកដំណើរការ ប្រទេសឡើងវិញ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ ដើម្បីរក្សាបាននូវការរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី របស់បងប្អូនប្រជាពលរដ្ឋ ការបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ របស់បុគ្គល គ្រួសារ និងសហគមន៍ ត្រូវតែបន្តធ្វើជាចាំបាច់ ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងវីរុសកូវីដ-១៩ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសារជាថ្មីឡើងវិញ។
ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ពីការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ។
ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមលោកអ្នកអនុវត្តបន្តប្រកប ដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ «៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារ មានដូចខាងក្រោម៖
១. លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័ស ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩៖
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តការធ្វើតេស្តរហ័សដោយខ្លួនឯង ក្នុងករណីដែលមាន ស្ថានភាពសង្ស័យ ឬមានរោគសញ្ញាណាមួយដែលសង្ស័យ និងត្រូវដាក់ខ្លួននៅដាច់ដោយឡែក ភ្លាមនៅពេលទទួលបានលទ្ធផលតេស្តរហ័សវិជ្ជមានវីរុសកូវីដ-១៩ ដើម្បីចៀសវាងការចម្លងទៅកាន់ក្រុមគ្រួសារ និងបុគ្គលដទៃទៀត ដែលនឹងអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ព្រមទាំងធ្វើការព្យាបាលដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងដែលធ្លាប់បានផ្សាយ ជូនកន្លងមកជារឿយៗ ឬស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ ឬទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បើមានរោគសញ្ញាដែលសង្ស័យ មានការវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ។
២. នៅក្នុងទីវត្តអារាមត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៖
អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀប រៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាលមានដូចខាងក្រោមនេះ រួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដាន ពុទ្ធបរិស័ទដែលចេញ-ចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដូចតទៅ៖
* អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ
* រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឱ្យបានញឹកញាប់
* ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យ មានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ
* ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ គ្រប់ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ និងក្នុងពេលមានការប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាន ឬពេលស្តាប់ព្រះធម៌ជាដើម
* ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាមពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាននានា ជាពិសេសនៅពេលសូត្រព្រះធម៌ ពេលបង្សុកូល និងឧទិស្ទកុសលជូនដល់មាតា បិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណកាលទៅហើយនោះ
* ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍ទៅទូរស័ព្ទ ទាន់ហេតុការណ៍១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬជំងឺសង្ស័យឆ្លងរាតត្បាតផ្សេងៗ
* ត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្ត ប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្ត វិធានការការពារខ្លួន ស្របតាមរបត់នៃ «ការរស់នៅធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកនូវការអនុវត្តវិធីការពារខ្លួន «៣ការពារ និង៣កុំ»
* អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមទីតាំងចល័តនានា ដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។
៣. ការជួបជុំគ្រួសារ ឬដំណើរកំសាន្ត៖
* សូមជ្រើសរើសនូវការជួបជុំគ្រួសារ សាច់ញាតិ ឬ មិត្តភ័ក្ត្រ ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យ ក្នុងការចម្លងវីរុសកូវីដ-១៩
* សូមលើកទឹកចិត្តជ្រើសរើសយកការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថា ការធ្វើដំណើរនោះប្រកបដោយសុវត្ថិភាពពីការចម្លងវីរុសកូវីដ-១៩ ឬពីជំងឺឆ្លងផ្សេងៗ និងអនុវត្តន៍វិធីការពារខ្លួនខ្ជាប់ខ្ជួនក្នុង អំឡុងពេលដំណើរកម្សាន្ដសប្បាយរីករាយ៖
* សូមគិតថា ការជួបជុំគ្នាច្រើនរួមជាមួយអ្នកដែលមិនរស់នៅក្នុងផ្ទះជាមួយគ្នា គឺជាកត្តាហានិភ័យ នៃការឆ្លងវីរុសកូដ-១៩ ទោះបីជាអ្នកគិតថាសុទ្ធតែជាបងប្អូនបង្កើត បងប្អូនជីដូនមួយ ជីទួតមួយ ក្មួយៗ អ៊ុ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថាបុគ្គលណាម្នាក់បានទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ ឬមានជំងឺឆ្លងផ្សេងៗ នោះទេ
* ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឲ្យបានត្រឹមត្រូវ
* ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យរួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។
សូមចូលរួមជំរុញក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសារ សាច់ញាតិ អ្នកជិតខាងអ្នកភូមិជាមួយ និងសហគមជាមួយ ឲ្យអនុវត្តជាប្រចាំថ្ងៃ ឲ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ និង៣កុំ»។
ទី៤៖ ជ្រើសរើសមធ្យោបាយដំណើរមានសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ចរាចរ៖
* កាត់បន្ថយការប្រើប្រាស់មធ្យោបាយសាធារណៈដែលមានផ្ទុកមនុស្សច្រើនពេក
* បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកអាល់កុលដែលសម្រាប់លាងដៃឲ្យបានញឹកញាប់សម្រាប់អ្នកបើកបរត្រូវ៖
* បើកបង្អួចរថយន្ត ឲ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
* លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ និងច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ ផងដែរ
* ត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមមា្នក់កៅអី និងកន្លែងដែលមនុស្ស
* ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬអាល់កុលដែលលាងដៃ ឲ្យអ្នកដំណើរលាងដៃ មុនពេលឡើងលើរថយន្ត
* ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញា ដូចជាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចស្វែងរកការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវនៅមន្ទីរពេទ្យរដ្ឋ។
* អ្នកបើកបរ មានហានិភ័យខ្ពស់ ដោយសារការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងមេរោគផ្សេងៗ ដូចបានជម្រាបជូនខាងលើ
* ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរនៅរាល់ពេលបើកបរ ចៀសវាងគ្រោះថ្នាក់ចរាចរដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព ឬមិនគោរពច្បាប់ ព្រមទាំងចៀសវាងការសេពគ្រឿងស្រវឹងនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្ដីស្លាប់។
ទី៥៖ វិធានការបង្ការការពុលចំណីអាហារ ៖ ត្រូវរួមគ្នាអនុវត្តវិធានការសុវត្ថិភាពចំណីអាហារ ដោយ៖
* រក្សាភាពស្អាត (លាងដៃជាមួយសាប៊ូ និងទឹកស្អាត នៅពេលរៀបចំអាហារ)
* ទុកដាក់អាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា
* ចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព
* ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែការបរិភោគមួយពេល
* ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ មិនប្រើប្រាស់សារធាតុគីមីបន្ថែម
* អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីរអាហារ និងត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឲ្យបានល្អនៅតាមទីវត្តអារ៉ាម (កុំច្របូកច្របល់គ្នា) ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកការពារការ
ចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងការចម្លងនៅក្នុងសហគមន៍ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងមេរោគ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល
លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕