(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់១៣នាក់។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន ១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ២លើក និងមិនគោរពសិទ្ធិ ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុប ទូទាំងប្រទេស មានចំនួន៣៧២១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៣៦១គ្រឿង និងពិន័យសរុប២៣៦០គ្រឿង៕