(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីការអនុវត្តច្បាប់របស់ក្រុមការងារចល័តរបស់ក្រសួង ដែលបានឃាត់រថយន្តដឹកលើសទម្ងន់កំណត់ចំនួន៥គ្រឿង កាលពីពេលថ្មីៗនេះ ដោយបានធ្វើឡើងយ៉ាងត្រឹមត្រូវតាមច្បាប់។

ការបញ្ជាក់នេះបន្ទាប់ពីលោកចៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងម្ចាស់រថយន្តដឹកដីមួយចំនួន បានស្នើសុំដល់សម្តេចតេជោ មេត្តាជួយអន្តរាគមន៍ទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងរថយន្តដឹកដីចំនួន៥គ្រឿង ដែលក្រុមការងារចល័តរបស់ក្រសួងបានចាប់ឃាត់ទុក កាលពេលថ្មីៗនេះ ដើម្បីបានមកជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋាន និងប្រកបមុខរបររកស៊ីឡើងវិញ។

ក្រោយពីទទួលបានព័ត៌មាននេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឲ្យមន្ត្រីចុះមកពិនិត្យដោះស្រាយ និងបញ្ជាក់ជុំវិញការអនុវត្តច្បាប់របស់ក្រុមការងារចល័តរបស់ក្រសួង។ នាឱកាសនោះលោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បានចុះមកពិនិត្យដោះស្រាយ និងបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ, លោក ហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក គឹម សាន់ បានឲ្យដឹងថា រថយន្ដដឹកដីទាំង៥គ្រឿង ដែលក្រុមការងារចល័តរបស់ក្រសួង បានឃាត់កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅនេះ គឺដឹកលើរហូតដល់២០ភាគរយ ដូច្នេះជាវិធានការច្បាប់ ត្រូវផាកពិន័យហើយ និងឃាត់ទុករយៈពេល១ឆ្នាំថែមទៀត។

លោកថា អ្វីដែលក្រុមការងារចល័តរបស់ក្រសួង ធ្វើនេះគឺយោងទៅតាមច្បាប់ស្ដីពីផ្លូវថ្នល់តាមមាត្រា៦០ មាត្រា២៦ និងមាត្រា២៥ ដែលពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កំណត់។ ក្នុងនោះក៏មានច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ដែលអ្នកបើកបរបើករត់ រឹងទទឹង មិនស្ដាប់ការហៅរបស់សមត្ថកិច្ចជាដើម។

អនុរដ្ឋលេខាធិការក្រសួងបានបញ្ជាក់ថា «ច្បាប់ទាំងពីរ គឺជាមូលដ្ឋានច្បាប់ ដែលក្រុមការងាររបស់យើងខ្ញុំ យកមកអនុវត្តនូវច្បាប់ទាំងពីរនេះ ចឹងទេគ្រាន់តែជម្រាបជូនទៅក្មួយប្រុសខាងអភិបាលរងខណ្ឌ ក៏ដូចជាលោកចៅសង្កាត់ ព្រមទាំងមន្ត្រីរបស់យើងនៅទីនេះទាំងអស់ ឲ្យបានជ្រាបថា កិច្ចការទាំងអស់នេះ គឺសកម្មភាពយើងធ្វើដូចភ្លៀងរលឹម។ ថ្មីៗនេះក៏យើងទើបតែទទួលនូវអនុសាសន៍ ឯកឧត្ដមទេសរដ្ឋមន្ត្រី គាត់បញ្ជា ហើយក៏គាត់ប្រាប់ទៀតថា ក្រុមការងារមានឮទេ អនុសាសន៍សម្ដេចតេជោ ពេលដែលសម្ពោធបើកការដ្ឋានស្ពានអាកាស គឺលោកបានលើកហើយ បញ្ហាដឹកជញ្ជូនលើសទម្ងន់កំណត់នេះ មានបំផ្លាញផ្លូវខ្លាំងណាស់ ចឹងទេសូមឲ្យយើងមានវិធានការ ចឹងក្រុមការងារក៏មិនប្រងើយកន្តើយអនុសាសន៍នេះ ក៏ក្រុមការងាររបស់យើង ក៏ចុះទៅល្បាតជាពិសេសនៅជុំវិញនៅទីកុ្រងភ្នំពេញនេះ»

មន្ត្រីដដែលបានលើកឡើងទៀតថា ក្រុមការងារក្រសួង មានការយោគយល់ខ្លះហើយ ពាក់ព័ន្ធនឹងការដឹកលើសទម្ងន់នេះ ដោយយោងទៅលើការអភិវឌ្ឍប្រទេសជាតិ ព្រោះបើតាមច្បាប់អាចរហូតដល់មានការឃាត់ខ្លួន ដកប័ណ្ណបើកបរ ឬបញ្ឈប់ឲ្យបើកបរជាដើម តែសព្វថ្ងៃគឺគ្រាន់តែឃាត់រថយន្ត និងឲ្យបង់ផាកពិន័យតែប៉ុណ្ណោះ។

លោក គឹម សាន់ បានបន្ថែមទៀតថា កន្លងទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងហើយថា យើងពិបាកណាស់នៅក្នុងស្វែងរកថវិកា ដើម្បីសាងសង់ផ្លូវថ្នល់ ព្រោះត្រូវការចំណាយច្រើនណាស់ ដោយផ្លូវខ្លះ ១គីឡូម៉ែត្រ ចំណាយអស់ជាង ១លានដុល្លារឯណោះ។ ដូច្នេះលោកអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ និងចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា ដើម្បីអាចឲ្យយើងប្រើប្រាស់បានយូរ។

ចំពោះការពន្យល់យ៉ាងក្បោះក្បាយនេះបញ្ញាអាជ្ញាធរខណ្ឌដង្កោ ពិសេសនោះគឺលោកលោក ហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម បានយល់ចំពោះការពន្យល់យ៉ាងក្បោះក្បាយនេះ និងយល់ព្រមក្នុងការចូលរួមអនុវត្តច្បាប់ ក្នុងការរឹតបន្តឹងចំពោះការដឹកលើសទម្ងន់នៅលើដងផ្លូវដើម្បីបញ្ជៀសការដឹកលើសទម្ងន់បំផ្លាញផ្លូវថ្នល់ជាតិ៕