(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធអគារ មត្តេយ្យសិក្សាជ្រៃមួយខ្នង មាន២បន្ទប់ និងផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង៣៦០ម៉ែត្រ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្ត, ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីរាជការនានា ជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

នាឱកាសនោះដែរ លោក ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ចុះសួរសុខទុក្ខ និងចែកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន ៥០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ១៩ កន្លងមកផងដែរ៕