(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារប្រគល់ផ្ទះ១ខ្នង ដែលជាផ្ទះទី២០៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិវាលល្ពាក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក ឡុង សីហា អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកបានរងរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនៅតំបន់ត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥។
អតីតយុទ្ធជនរូបនេះ ជាបុរសពោះម៉ាយមានកូនក្នុងបន្ទុកចំនួន៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលើដី ដែលគាត់មាន ព្រោះមានជីវភាពលំបាកខ្វះខាត។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយទេសរដ្ឋមន្រ្តី គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នា ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីភាពសុខដុមរមនារបស់យើង ទាំងអស់គ្នា និងត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវខិតខំថែរក្សាសុខភាព និងបន្តអនុវត្តវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ។
លោកពលបាលឯក ឡុង សីហា ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕