(កំពង់ចាម)៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំឱ្យក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំថែរក្សាសុខសន្តិភាព និងបន្តបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពសង្គម ធ្វើអំពើល្អ ដឹកនាំល្អ កសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជនផងដែរ។
ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាជន ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស និងខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧ របស់ឃុំនីមួយៗ ដែលបានប្រកាសជូនប្រជាជន ឱ្យទទួលបានសមិទ្ធផលថ្មីៗទៀត និងយកចិត្តទុកដាក់រៀនសូត្រកសាងសមត្ថភាពការងារខ្លួន ដែលជាប្រធាន ជំទប់ និងសមាជិកក្រុមប្រឹក្សាទទួលតំណែងថ្មី។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំបន្ថែមត្រូវពង្រឹងការអនុវត្តឱ្យបានល្អ នូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់ក្រុមប្រឹក្សាឃុំ ជាពិសេសការពង្រឹងមន្ត្រីបង្គោលរបស់ឃុំ គឹមេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ឱ្យទទួលបានការគោរពស្រឡាញ់រាប់អាន និងជឿទុកចិត្តពីប្រជាជន ត្រូវហ៊ាននិយាយរិះគន់កែលម្អរ មន្ត្រីបង្គោលណា ដែលបម្រើប្រជាជនក្នុងមូលដ្ឋានខ្លួនមិនបានល្អផងដែរ៕