(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញមកបំភ្លឺចំពោះរូបភាពដែលបានចែកចាយនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការបិទបាំងផ្លាកសញ្ញាខ្លះ ដែលបានបំពាក់រួចរាល់ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម នៅលើផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាមិនទាន់រួចរាល់នៅឡើយ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយការប្រមូលព័ត៌មាន និងស្រាវជ្រាវគ្រប់ជ្រុងជ្រោយហើយនោះ បានរកឃើញថា ករណីបិទបាំងផ្លាកសញ្ញាខ្លះ ដែលបានបំពាក់រួចរាល់នោះ អ្នកបិទជាក្រុមអ្នកសាងសង់ផ្លូវ។ មូលហេតុដែលក្រុមស្ថាបនាផ្លូវបិទបាំងបែបនេះ គឺដោយសារផ្លូវនេះមិនទាន់សាងសង់រួចរាល់ (ផ្លូវមានការដ្ឋាន) ដូច្នេះចៀសវាងប្រជាពលរដ្ឋអនុវត្តតាមផ្លាកសញ្ញា នាំឲ្យមានការខុសឆ្គងជាដើម។

ដោយឡែក សម្រាប់ក្រុមមន្ដ្រីនគរបាលចរាចរណ៍ដែលអនុវត្តច្បាប់ចរាចរណ៍នោះ (បាញ់ល្បឿន) គឺដោយសារមួយរយៈពេលចុងក្រោយនេះ ឃើញមានប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ បំពានច្បាប់ចរាចរណ៍ ដោយបើកបរក្នុង ល្បឿនលឿនៗ ដែលងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈផ្លូវកំពុងសាងសង់ ហើយក្រុមការងារជំនាញអនុញ្ញាតឲ្យធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត។

នាយកដ្ឋានបានបន្ដថា ការបាញ់ល្បឿននេះទៀតសោទ គឺបាញ់នៅទីតាំងដែលកំណត់៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងច្បាប់បានកំណត់ថា ផ្លូវគ្មានផ្លាកសញ្ញា គឺអនុញ្ញាតឲ្យបើកបរក្នុងល្បឿនក្រោម៨០គីឡូម៉ែត្រក្នុងម៉ោង ប៉ុន្ដែស្ថានភាពជាក់ស្ដែង នៃការប្រើប្រាស់ផ្លូវរបស់អ្នកបើកបរនៅលើផ្លូវជាតិលេខ៥នេះ គឺមិនក្រោមល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះទេ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ មានបងប្អូនអ្នកធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ៥ មួយចំនួនមិនទាន់បានដឹងអំពីស្ថានភាពផ្លូវ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍។

បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតឲ្យធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម...។

ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងចាត់វិធានច្បាប់ដែលមានធរមាន។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន ហើយកុំបើកបរលឿនហួសកំណត់ ពិសេសផ្លូវដែលកំពុងស្ថាបនាមិនទាន់រួចរាល់ ជាក់ស្ដែងដូចផ្លូវជាតិលេខ៥នេះជាដើម ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ហើយការអនុវត្តច្បាប់ចរាចរណ៍ របស់មន្ដ្រីអ្នកអនុវត្តច្បាប់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៕