(តាកែវ)៖ លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន រួមទាំងក្រុមការងារ មនុស្សធម៌មួយចំនួនទៀត នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ។

សូមជម្រាបថា នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំងអង្គរក្សជាង១,០០០នាក់ និងគ្រឿងចក្ររាប់សិបគ្រឿង ឈួសឆាយឫសឈើ មែកឈើ និងដាំកូនឈើ ដាំបង្គោលរបងដាក់លួសបន្លា ការពារសត្វចូលស៊ីកូនឈើនោះតំបន់ភ្នំតាម៉ៅ។

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់មេបញ្ជាការ មេបញ្ជាការង នាយ-ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងក្រុមការងារគ្រប់ជំនាញទាំងអស់ដែលបានចូលរួមនាពេលនេះ។

លើសពីនេះលោក ជិន ប៊ុនធឿន ក៏បានថ្លែងកោតសរសើរកម្លាំងអង្គរក្ស ដែលត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ សម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស និងបានជូនពរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការរង នាយ-ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងក្រុមការងារគ្រប់ជំនាញទាំងអស់ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ទទួលបានជោគជ័យថ្មីបន្ថែមទៀត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយ ផ្តល់ជូនដល់ នាយ នាយរង ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងក្រុមការងាដែលកំពុងបំពេញការងារដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ។

អំណោយដែលប្រគល់ជូននូវពេលនេះរួមមាន៖ អង្ករចំនួន ១០តោន និង៤០០គីឡូ, មី ១,១០០កេស, ទឹកសុទ្ធ ៣០០កេស, ត្រីខកំប៉ុង ១,០០០កំប៉ុង, ជេលលាងសម្អាតដៃ ១,០០០ដប, ទឹកស៊ីអ៊ីវ ១០០យួរ, ភេសជ្ជៈ ៨២កេស, នំស្រួយ ៨២កេស, ចាហួយ ១៦០កញ្ចប់, ចាហួយផ្លែឈើ ២០០កញ្ចប់, មីកាត់សរសៃធំ(១០៥g) ៣៨០កញ្ចប់, មីកាត់សរសៃមូល(១៣៥g) ៩០០កញ្ចប់ និងមីកាត់សរសៃមូល(២៦៥g) ៨០កញ្ចប់៕