(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព ឧបាសិកា តាំង លាងហួរ ដែលត្រូវម្ដាយបង្កើតរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្ត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាពឧបាសិកា តាំង លាងហួរ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧នាទីព្រឹក ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមសម្ដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឧបាសិកា តាំង លាងហួរ គឺជាការបាត់បង់ នូវម្តាយបង្កើត ម្តាយក្មេក ជីដូន លោកយាយទួត ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត ដែលបានបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗ ធ្វើឲ្យកូន ចៅ បានក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា តាំង លាងហួរ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕