(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរបស់ក្រសួងយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមការងារនេះមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន អមដោយ អនុប្រធាន១រូប និងមានសមាជិកចំនួនចំនួន១៦រូប។

ក្រុមការងារចំពោះកិច្ចនេះ គឺជាសេនាធិការរបស់ក្រសួងយុត្តិធម៌ លើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

*សម្របសម្រួលនីតិវីធីក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសតាមបណ្តាគោលដៅសង្ស័យ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើស និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា

*ជំរុញ និងពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានតឹងរ៉ឹងស្របតាមច្បាប់ និងនីតិវិធីជាធរមាន

*ប្រមូល ចងក្រង និងរៀបចំតារាងស្ថិតិទិន្នន័យ អំពីការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

*ជំរុញការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ពីបទល្មើសសម្អាតប្រាក់ ស្របតាមច្បាប់ និងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជាធរមាន ដោយសហការជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងករណីដែលក្រុមការងារពិនិត្យឃើញនូវតម្រុយនៃបទល្មើស សម្អាតប្រាក់ ដែលកើតចេញពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

*ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារជាប្រចាំជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

*បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់លោក កើត រិទ្ធ៖