(ភ្នំពេញ)៖ លោកស្រី ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជានាយិកា កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។

ការកោតសរសើរ របស់មន្ត្រីអង្គការសហប្រជាជាតិ បានធ្វើឡើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាស លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោកស្រី ចូលជួបសម្ដែងការគួរសម អំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រីនៅកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា លោកស្រី ខាន់នី វីកណារាចា មានសេចក្តីរីករាយជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP ។

លោកស្រីបានសង្កត់ធ្ងន់ថា ចំពោះឯកសារគម្រោងកម្មវិធីថ្មីប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ លោកស្រីចង់ឲ្យមានការចូលរួមកាន់តែច្រើនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់។

លោករដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ខាន់នី វីកណារាចា និងបានអះអាងសារជាថ្មីពីការគាំទ្រទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងាររបស់ អង្គការ UNDP នៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការ UNDP និងបានថ្លែងអំណរគុណចំពោះអង្គការនេះ ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ UNDP នៅក្នុងការបោសសម្អាតគ្រាប់មីន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៨ របស់កម្ពុជា ស្តីពីកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។

ក្នុងការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសដែលមានការអភិវឌ្ឍន៍ តិចតួច (LDC) លោកបានគូសបញ្ជាក់ថា កម្ពុជាបានបំពេញលក្ខខណ្ឌតម្រូវទាំងបី ហើយចាំបាច់ត្រូវធ្វើកិច្ចការនេះដូចគ្នាជាលើកទីពីរក្នុងឆ្នាំ ២០២៤ ដើម្បីបញ្ចប់ទាំងស្រុងពីឋានៈ LDC នេះ។ លោកសង្ឃឹមថា ឯកសារកម្មវិធីថ្មីប្រចាំប្រទេស ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP នឹងជួយកម្ពុជាសម្រេចបានគោលដៅនេះ។

លោក អ៊ុច បូររិទ្ធ និងលោកស្រី ខាន់នី វីកណារាចា បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNDP ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត៕