(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានយកដីកាកោះហៅ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅខាងមុខផ្ទះរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយ ដែលដីកានេះកោះហៅឱ្យលោក កឹម សុខា ឱ្យចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងបទល្មើសមិនចូលខ្លួន តាមការកោះហៅកន្លងមក។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យចូលខ្លួន បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ បើតាមដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនបំភ្លឺនេះ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុកដីកានេះថា រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងអំពីអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ លោកថា «ខ្ញុំយល់ឃើញថា ដីកាហ្នឹងជាការរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៨០ យើងអាចយកមកមើលឡើងវិញ»។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចំនួន២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ជារកម្ម ដែលអាចពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើនដាច់ខាត បានបោះឆ្នោតគាំទ្រឱ្យតុលាការបន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕