(ព្រះសីហនុ)៖ ជនដៃដល់ពាក់ព័ន្ធករណីកាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃឆ្វេង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នៅចំណុចក្រោយវត្តទ្រនំច្រឹង ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតបុង័តោ សម្រាប់ធ្វើម្ហូបកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់កដៃឆ្វេង ប្រាកដមែន ពេលធ្វើសកម្មភាពរួចខ្លួនបានរត់គេច មកសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសហនុ បាននាំជនសង្ស័យទៅចង្អុលបង្ហាញកន្លែងដែលខ្លួនយកកាំបិតមកបោះចោល ស្ថិតនៅក្រោយការដ្ឋាន ជាប់តារាងបាល់ទះជិតវត្តលើ។
គួរជម្រាបថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអំពើហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតបុង័តោកាប់ជនរងគ្រោះបណ្តាលឲ្យដាច់កដៃឆ្វេង) រងរបួសធ្ងន់ ស្ថិតនៅចំណុចរោងកម្មករ ជិតវត្តលើ ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបង្កដោយជនសង្ស័យឈ្មោះ វង្ស វាស្នា ហៅចូ អាយុ៣២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នរោងកម្មករការដ្ឋានសំណង់ជិតវត្តលើ ក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ជឿន ជាតិ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរចិនកែងស្តុបពាណិជ្ជកម្ម៕