(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) រហូតដល់តំបន់ច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ៣៦៩ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវជាតិលេខ១ ហើយរត់ចាប់ម៉ូយប្រសេចប្រសាច។

លោក ហ៊ត គឹមនី បានគូសបញ្ជាក់ថា៖ «ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន»

លោក ហ៊ត គឹមនី បានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋ លោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយ នៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែ ប្រជាពលរដ្ឋភាគច្រើន និងអ្នកដំណើរ គាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះ ចាប់ពីពេលនេះទៅ ត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ពិសេផ្លូវ៣៦៩នេះ៕