(ភ្នំពេញ)៖ ក្រសួងការបរទេសជប៉ុន បានប្រគល់លិខិតសសើរជូនដល់លោកបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក យ៉ាម៉ាដា យ៉ូស៉ីតាកា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានស្នាដៃគួរឱ្យកត់សម្គាល់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់មិត្តភាព សុឆន្ទៈរវាងប្រទេសជប៉ុន និងប្រទេសផ្សេងទៀត។

ពិធីប្រគល់ និងទទួលលិខិតសសើរនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) រួមទាំងមន្ត្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ចំនួនផងដែរ នៅនិវាសនដ្ឋានស្ថានទូតជប៉ុន។

ស្ថិតនៅក្នុងឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៉ីរូ បានរំឮកពីស្មាដៃរបស់លោកបណ្ឌិត ណៅ ធួក ថា ចាប់តាំងពីលោកត្រូវបានតែងតាំងជាសមាជិកតំណាងកម្ពុជា នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) និងបានចូលរួមសន្និសីទអន្តរជាតិជាច្រើនរួមទាំង IWC ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ជំហររបស់ប្រទេជប៉ុន គឺគ្រប់គ្រងធនធានមានជីវិត នៅក្នុងទឹករួមទាំងប្រភេទសត្វសមុទ្រធំ ឱ្យបានត្រឹមត្រូវដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងលោកបណ្ឌិត ណៅ ធួក តែងតែគាំទ្រជំហរយ៉ាងខ្ជាប់ខ្ជួននូវគោលជំហររបស់ប្រទេសជប៉ុន ក្នុងការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាព។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា លើសពីនេះទៅទៀត នៅពេលដែលប្រទេសជប៉ុនផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុង
វិស័យជលផល លោកបណ្ឌិត ណៅ ធួក បានដើរតួជាអ្នកសម្របសម្រួលសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានខិតខំអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងៗ រួមទាំងការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុផងដែរ។ ខ្ញុំបានឮថា ប្រជាជនកម្ពុជាទទួលយកប្រូតេអ៉ីនភាគច្រើនពីជលផល ហើយឧស្សាហកម្មនេសាទគឺជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ថា លោកបណ្ឌិត បានដើរតួនាទីជាស្ពានចម្លងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាក្នុងវិស័យជលផលនេះអស់ជាច្រើនឆ្នាំមកហើយ។

ចំណែកលោក យ៉ាម៉ាដា យ៉ូស៉ីតាកា បច្ចុប្បន្នកំពុងបម្រើការជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការចូលនិវត្តន៍ពីកងកម្លាំងស្វ័យការពារជប៉ុនក្នុងឆ្នាំ១៩៩៨។ ចាប់ពីឆ្នាំ១៩៩៩ លោកបានបម្រើការជាអនុប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ហើយចាប់តាំងពីឆ្នាំ២០០១ លោកបានបម្រើការងារជាអ្នកតំណាងអង្គការJMAS ប្រចាំនៅកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០០៦ លោកត្រូវបានតែងតាំងជាទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា លើសពីនេះទៅទៀត ចាប់តាំងពីឆ្នាំ២០០៨ លោក យ៉ាម៉ាដា យ៉ូស៉ីតាកា បានធ្វើជាទីប្រឹក្សាអន្តរជាតិនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម(NPMEC) ហើយចាប់តាំងពីឆ្នាំ២០១២មក លោកបានបម្រើការជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលជាមុខងារបច្ចុប្បន្នរបស់លោក។

ក្នុងនាមជាទីប្រឹក្សា NPMEC យ៉ាម៉ាដា បានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា លើផ្នែកប្រតិបត្តិការរក្សាសន្តិភាព (PKO)។ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម យ៉ាម៉ាដា កងកម្លាំងស្វ័យការពារជាប៉ុនជាច្រើនត្រូវបានបញ្ជូនមកប្រទេសកម្ពុជាហើយបាននឹងកំពុងអនុវត្តជាបន្តនូវការបណ្តុះបណ្តាលស្តីពីការថែទាំ និងការអង្កេតផ្លូវថ្នល់។

សិក្ខាកាមកម្ពុជាដែលបានទទួលការបណ្ដុះបណ្ដាលដែលផ្ដល់ដោយប្រទេសជប៉ុន បច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់បណ្តាប្រទេសអាហ្វ្រិក និងប្រទេសផ្សេងៗក្នុងនាមជាកងកម្លាំង PKO ហើយកំពុងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពពិភពលោកដោយប្រើប្រាស់ចំណេះដឹងដែលពួកគទទួលបានតាមរយៈការបណ្តុះបណ្តាល។

សរុបជារូបកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត ណៅ ធួក និងលោក យ៉ាម៉ាដា យ៉ូស៉ីតាកា បានរួមចំណែកដល់ការការអភិវឌ្ឍបន្ថែមទៀត នៃទំនាក់ទំនងទ្វេរភាគីរវាងជប៉ុន និងកម្ពុជា៕