(ភ្នំពេញ)៖ បុណ្យកាន់បិណ្ឌ គឺជាបុណ្យប្រពៃណីខ្មែរដ៏សំខាន់ដែលធំជាងគេ និងមានរយៈពេលវែងជាងគេសម្រាប់ពុទ្ធសាសនិកខ្មែរ។ នៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះនឹងចូលមកដល់ហើយ។

ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជំបិណ្ឌ នៅតាមទីអារាមតែងមានការរៀបសំអាត និងចងលំអរដោយទង់ជាតិ និងទង់ពុទ្ធសាសនាជាដើម។ តែក្នុងនោះតាមទីអារាមមួយចំនួន ក៏មានកំហុសឆ្គងលើការចងទង់ពុទ្ធសាសនាផងដែរ។

លោក ថោ គឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើង លោកតែងពិនិត្យឃើញនៅមានចងទង់ពុទ្ធសាសនាបញ្ច្រាសជើង។ ជាក់ស្តែងនៅថ្ងៃទី៨ ខែកញ្ញា កន្លងទៅនេះ ពេលកំពុងធ្វើដំណើរត្រឡប់ពីបំពេញការងារ លោកបានឃើញនៅខាងមុខវត្តមួយខាងកើតក្បែររាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ១ បានចងទង់ពុទ្ធសាសនាបញ្ច្រាសជើងជាច្រើន និងចងទង់ជាតិកំពូលចុះក្រោមថែមទៀត។

បន្ទាប់មករូបលោក និងក្រុមការងារ បានចុះទៅរកថ្វាយបង្គុំព្រះចៅអធិការវត្តដោយផ្ទាល់ ដើម្បីទូលពីករណីនេះ ហើយក៏បានដឹងច្បាស់ថា កំហុសទាំងនេះបណ្ដាលមកពីការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ដោយប្រើក្មេងតូចៗ ឱ្យទៅចង និងខ្វះការត្រួតពិនិត្យ។

ដោយពិនិត្យឃើញការចងទង់ពុទ្ធសាសនានៅមានខុសជាញឹកញយ និងច្រើនកន្លែង លោក ថោ គឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
បានចូលរួមនិពន្ធរឿងខ្លី ស្ដីពីការចងទង់ពុទ្ធសាសនាឱ្យបានត្រឹមត្រូវ ហើយត្រូវបានលេខាធិការដ្ឋានគណៈសង្ឃនាយកទទួលយកទៅផលិត និងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។

សូមទស្សនាវីដេអូស្តីពីការចងទង់ពុទ្ធសាសនាឱ្យបានត្រឹមត្រូវ៖