(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា បានចេញមុខសុំទោសជាសាធារណៈនៅទំព័រ Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពីមិនអាចជួយក្រុមជម្រើសជាតិកម្ពុជា ឈ្នះម្ចាស់ផ្ទះចិនតៃប៉ិ នាយប់ថ្ងៃទី០២ ខែមិថុនាយប់មិញ ដោយរក្សាត្រឹមលទ្ធផលស្មើ ២-២ បញ្ចប់ការប្រកួតពេញម៉ោង។
ក្នុងទំព័រ Facebook ចាន់ វឌ្ឍនាកា បានសរសេរថា «ខ្ញុំពិតជាសុំទោសដែលថ្ងៃនេះ (ថ្ងៃទី០២ មិថុនា) ខ្ញុំធ្វើឲ្យបាត់បង់ឱ កាសដ៏ល្អមួយនេះ ខ្ញុំពិតជាសោកស្តាយណាស់»។
សូមរំលឹកដែរថា នៅនាទីទី៥៥ ត្រឹមចាប់ផ្តើមប្រកួតវគ្គទី២ បាន១០នាទី កីឡាករខ្សែប្រយុទ្ធវ័យក្មេងមកពីខេត្តកំពត ចាន់ វឌ្ឍនាកា មានឱកាសទាត់បាល់ប៉េណាល់ទី១គ្រាប់ ដែលជាការពិន័យខ្សែការពារចិនតៃប៉ិ ដោយសារតែទាក់ជើង កែវ សុខផេង ក្នុងប្រអប់គ្រោះថ្នាក់ តែ វឌ្ឍនាកា ធ្វើឲ្យបាត់បង់ឱកាសឈ្នះទៅវិញ ដោយត្រូវបានអ្នកចាំទីចិនតៃប៉ិ ជួយសង្រ្គោះបាន ក្នុងខណៈដែលលទ្ធផលស្មើបណ្តោះអាសន្ន ២-២ តាំងពីវគ្គទី១មក ។
យ៉ាងណាក៏ដោយ ការទាត់បាល់ប៉េណាល់ទី (ចម្ងាយ១១ម៉ែត្រ) ត្រូវបានគេចាត់ទុកថា ជាបាល់ហេង-ស៊យ មិនត្រឹមតែ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ទាត់មិនចូលទេ មានពេលខ្លះ កីឡាករលំដាប់កំពូលពិភពលោក Cristiano Ronaldo និង Lionel Messi ក៏ប៉េណាល់ទីមិនចូលដែរមិនថា លេងនៅក្នុងក្លឹប ឬក៏ក្នុងជម្រើសជាតិរបស់គេនោះទេ ហើយអ្នក គាំទ្រភាគច្រើន សុទ្ធតែបានបង្ហាញការគាំទ្រកីឡាករ មកពីក្លឹបបឹងកេតអង្គររូបនេះដដែល ត្បិតនៅសល់៩០នាទីទៀត ក្នុងជើងទី២ ក្នុងកីឡដ្ឋានជាតិអូឡាំពិកល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ប្រចាំទ្វីប អាស៊ី AFC Asian Cup 2019 ៕