(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិជូន លោក The Lord McFall of Alcluith ប្រធានព្រឹទ្ធសភា នៃចក្រភពអង់គ្លេស។

ក្នុងលិខិតជូនពររបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបញ្ជាក់ដូចនេះថា «ខ្ញុំមានសេចក្តីរន្ធត់ក្តុកក្តួលជាខ្លាំងដោយទទួលដំណឹងថា ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ នៃ ចក្រភពអង់គ្លេស ទ្រង់បានយាងសោយព្រះទិវង្គត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាដ៏ សែនក្រៀមក្រំបំផុត ចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស ជាមួយឯកឧត្តមប្រធាន និងប្រជាជន នៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវអង្គព្រះមហាក្សត្រិយ៍ដ៏ឆ្នើម ដែលជានិមិត្តរូបនៃប្រជាជាតិ និងប្រជាជននៃចក្រភពអង់គ្លេស»

លោកកិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ទៀតថា «ស្នាព្រះហស្តដ៏ថ្លៃថ្លាឧត្ដុង្គឧត្តមរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ក្នុងការបំពេញព្រះរាជកិច្ច បម្រើជាតិបាននាំមកនូវសន្តិភាព វិបុលភាព សុភមង្គល ជាអរិយ្យប្រទេសដ៏រុងរឿងជូនប្រជាជននៃចក្រភព អង់គ្លេស ហើយថែមទាំងបានរួមចំណែកដ៏ធំធេងដល់បុព្វហេតុសន្តិភាព ស្ថិរភាព សេរីភាព លទ្ធិប្រជាធិប តេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកលផងដែរ។ ស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះមហា ក្សត្រិយ៍អេលីហ្សាបែតទី២ ដែលមានតម្លៃជាសកលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត»

ឆ្លៀតក្នុងឱកាសនេះ លោកកិត្តិនីតិកោសលបណ្ឌិត បានបន្ថែមថា «ខ្ញុំសូមឧទ្ទិសបួងសួងចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ទ្រង់យាងទៅ សោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»