(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសហការជាមួយសាកលវិទ្យាល័យដៃគូរួមមាន វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ រៀបចំកម្មវិធីទិវាព័ត៌មាន (FOODI INFO DAY) នៅក្នុងគម្រោងបរិញ្ញាបត្រជាន់ ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍។
ពិធីនេះដែរធ្វើឡើងក្រោមវត្តមានលោក សុខ ឃន សាកលវិទ្យាធិការនៃសាលវិទ្យាល័យជាតិបាត់ដំបង លោកមានការចូលរួមពីលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងគ្រឹះស្ថានឧត្តមសិក្សាទាំងបួន បុគ្គលិកអប់រំ និងនិស្សិតប្រមាណជា ៧០នាក់។ គោលបំណងចម្បង ក្នុងការផ្សព្វផ្សាយពីវឌ្ឍនភាព នៃគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុភាពទាក់ទងនឹងការគ្រប់គ្រងការផលិតចំណីអាហារ ឧស្សាហកម្មកែច្នៃចំណីអាហារនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។
នៅក្នុងទិវានេះក៏មានលោកស្រីបណ្ឌិតសាស្រ្តាចារ្យរង រ៉ូសមីនី អូម៉ា ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ អាសម៉ាន់ហាស៊ីម នៃសាកលវិទ្យាល័យបច្ចេក វិទ្យាម៉ាឡេស៊ី និងជាអ្នកសម្របសម្រួលគម្រោង បានធ្វើបឋកថាគន្លឹះលើប្រធានបទ៖ «ការគ្រប់គ្រងចំណីអាហារក្រោយ ការរាតត្បាត ជម្ងឺកូវីដ១៩ តាមរយៈការ បណ្តុះបណ្តាល បរិញ្ញាបត្រ ជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»។ លោក អ៊ុល តុលា ប្រធានប្រតិបត្តិការក្រុមហ៊ុនអាហារម៉ីសូតា (MISOTA FOOD Company) បានធ្វើបឋកថាគន្លឹះលើប្រធានបទ៖ «ឧស្សាហកម្មអាហារ នៅប្រទេសកម្ពុជា សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការនាំចេញ»។ លោកបានចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការកែច្នៃអាហារ នវានុវត្តន៍ និងការគ្រប់គុណភាព នៃផលិតរបស់ ក្រុមហ៊ុនម៉ីសូតា។
សូមជម្រាបថា គម្រោង FOODI មានគោលបំណងសំខាន់ៗដូចជា៖ កែលម្អគុណភាពអប់រំកម្រិតឧត្តមសិក្សានៅប្រទេសអាស៊ីទាំងបីរួមមានកម្ពុជា ម៉ាឡេស៊ី និងថៃ, កែលម្អកម្រិតសមត្ថភាព និងជំនាញកម្រិតខ្ពស់សម្រាប់ទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស, បើកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវា នុវត្តន៍ នៅតាមសាកលវិទ្យាល័យដៃគូ, លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា តាមរយៈការបង្កើតមជ្ឈមណ្ឌល ឧត្តមភាពក្នុងការកែច្នៃអាហារ និងនវានុវត្តន៍ (FOODI)
គម្រោង (FOODI) នេះ ជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងការកសាងសមត្ថភាពនៅកម្រិតឧត្តមសិក្សាដោយបា ទ ទទួលហិរញ្ញប្បទានពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូសរុបចំនួន១៣អង្គភាព។ ដៃគូទាំងនោះរួមមាន ប្រទេសកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា, សាកលវិទ្យាល័យ ជាតិបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង, និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ) ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យ អេជីន, រីដឡេប, និងមហាវិទ្យាល័យមេត្រូប៉ូលីតានអាថែន) ប្រទេសអ៊ីតាលី (សាកលវិទ្យាល័យសិនឡេណូ) ប្រទេសអៀកឡង់ (សាកលវិទ្យាល័យឌូប្លីន) ប្រទេសម៉ាឡេស៊ី (សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី, សាកលវិទ្យាល័យម៉ាឡាយ៉ា, សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា, និងសាកលវិទ្យាល័យកូឡាឡាំពួរ) និងប្រទេសថៃ(សាកលវិទ្យាល័យព្រីនសុងក្លា និងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី)៕