(ភ្នំពេញ)៖ និស្សិតប្រមាណ ២០នាក់ មកពីសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង បានសិក្សាពីរបៀបបង្កើត និងបង្ហោះ Drone រយៈពេលមួយខែ ដែលជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាល ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៉ីនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា អ៉ីហ្ស៊ីខម។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលជាវគ្គបណ្តុះបណ្តាលលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ និស្សិតចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានសិក្សាពីរបៀបបង្កើត Drone ដោយប្រើ Open Source Software ដើម្បីអនុវត្តទៅលើមុខងារផ្សេងៗ ដែលរួមមាន ការថតយករូបភាព និងវីដេអូពីលើអាកាស ដើម្បីត្រួតពិនិត្យចរាចរណ៍ និងវាលស្រែ និងថែមទាំងអាចប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។
លោក ហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុនអ៉ីហ្ស៊ីខម បានមានប្រសាស៍ថា៖ «ជានិច្ចជាកាល ក្រុមហ៊ុនអ៉ីហ្ស៊ីខម តែងតែរួមចំណែកផ្តល់ នូវភាពរីកចម្រើនក្នុងវិស័យព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ នេះគឺជាឱកាសដ៏អស្ចារ្យមួយទៀតសម្រាប់ក្រុមហ៊ុន អ៉ីហ្ស៊ីខម ក្នុងការជំរុញឲ្យវិស័យបច្ចេកវិទ្យានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង»។
ក្រុមហ៊ុនអ៉ីហ្ស៊ីខម បានផ្តល់ថវិកាឧបត្ថម្ភសម្រាប់ទិញឧបករណ៍ និងសម្ភារប្រើប្រាស់ក្នុងការតម្លើង Drone ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងរយៈពេល ៤សប្តាហ៍ រៀងរាល់ថ្ងៃសៅរ៍ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ លោក ស៊ុន រ៉ាពីដ អនុប្រធាន វិទ្យាស្ថាន NIPTICT បានមានប្រសាសន៍ថា៖ «និស្សិតបានចូលរួមធ្វើការងារដ៏អស្ចារ្យមួយ តាមរយៈការសិក្សាពីរបៀបបង្កើត Drone ដែលនឹងមានប្រយោជន៍ដល់វិស័យជាច្រើនទាំងនៅពេលបច្ចុប្បន្ន និងអនាគត»។
លោក ស៊ុន រ៉ាពីដ មានប្រសាសន៍បន្តទៀតថា៖ «យើងអាចដំណើរការវគ្គ បណ្តុះបណ្តាលនេះបាន ដោយសារមានការជួយឧបត្ថម្ភពី ក្រុមហ៊ុនអ៉ីហ្ស៊ីខម។ វគ្គបណ្តុះបណ្តាលនេះដែរ គឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ ជាមួយនឹងសាកលវិទ្យាល័យ និងស្ថាប័នឯកជន ដើម្បីជំរុញការបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឲ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុង ប្រទេសកម្ពុជា»៕