(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យរើសមន្ត្រីចេញពីមូលដ្ឋាន សម្រាប់ការកាន់តំណែងផ្សេងៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារ និងស្របតាមគោលការណ៍នៃការអនុវត្តនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។
ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងពីបញ្ហានេះផងដែរ។ ការឡើងដូច្នេះដោយសារតែ សម្តេចបានពិនិត្យឃើញថា ការតែងតាំងមន្ត្រីសម្រាប់កាន់តំណែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ច្រើនរើសចេញពីតាមក្រសួងស្ថាប័ននានា នៅថ្នាក់ជាតិ។
សម្រាប់សម្រេចតេជោ ហ៊ុន សែន ការដាក់មន្ត្រីពីថ្នាក់ជាតិឱ្យទៅកាន់តំណែងនៅថ្នាក់ក្រោមជាតិ ធ្វើឱ្យមន្ត្រីមូលដ្ឋានអាក់អន់ស្រពន់ចិត្ត ហើយការបម្រើប្រជាពលរដ្ឋក៏មិនស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ៕