(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានទទួលជោគជ័យ។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយក្នុងកិច្ចប្រជុំនេះ សម្តេចបានលើកឡើងថា៖ «រាជរដ្ឋាភិបាលថ្លែង ការកោតសរសើរចំពោះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង រៀបចំ និងសម្របសម្រួលដោយជោគជ័យ លើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយបានពិភាក្សាលើ កិច្ចការសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់ និង ឲពិភពលោក»។
ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រូវត្រៀមខ្លួន និងត្រូវខិតខំប្រើប្រាស់មូលដ្ឋាន នៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ ដើម្បីឈានទៅសម្រេចជោគជ័យ លើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ រួមមាន៖
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ ដែលមានសមាជិកចំនួន ១៨ប្រទេស
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ ដែលមានសមាជិក ២៧ប្រទេស។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើជាប្រធានអាស៊ានបាន២លើក ប្រទេសកម្ពុជា ពេលនេះ បាននិងកំពុងធ្វើជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ខាងមុខនេះ រយៈពេល២ថ្ងៃ ដែលគេរំពឹងថា នឹងមានបញ្ហាជាច្រើនទាំងតំបន់ និងអន្តរជាតិ ត្រូវបានពិភាក្សាគ្នា៕