Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ណែនាំឱ្យយកចិត្តទុកដាក់ ឆ្លើយតបគ្រោះទឹកជំនន់

09-09-2022 20:12

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើនការយកចិត្តទុកដាក់ឆ្លើយតប គ្រោះទឹកជំនន់ បណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នងកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមរៀបចំ និងចាត់វិធានការចាំ បាច់នានា ដើម្បីជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យ បានទាន់ពេលវេលា ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ ដល់ទ្រព្យ សម្បត្តិ និងអាយុជីវិត របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តាមរយៈការជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលសម្ពាធទាបពីបណ្តាប្រទេសជិតខាង ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស។ ប្រការនេះអាចនឹងនាំឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះតំបន់មួយចំនួននៅខេត្តពាយ័ព្យប្រទេសជាប់ព្រំដែនជាមួយថៃ បានរងនូវការជន់លិចមួយចំនួន ដោយសារតែទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ។

បើទោះបីជាយ៉ាងណាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចេជោ ហ៊ុន សែន បានតាមដានជាប់ជាប្រចាំ និងបានត្រៀមលក្ខខណៈសម្បត្តិរួចរាល់ហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ តែទោះជាយ៉ាងណា មកដល់ពេលនេះ ការជន់លិចនៅតាមខេត្តជាប់ព្រំដែនថៃ មិនទាន់ដល់កម្រិតធ្ងន់ធ្ងរនៅឡើយនោះទេ៕