(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចទៅលើរបៀបវារៈសំខាន់ៗមួយចំនួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំនាព្រឹកមិញនេះ បានអនុម័តទាំងស្រុងទៅលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖
សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០, សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣, សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។
ក្រៅតែពីរបៀបវារៈខាងលើនេះទៅ គណៈរដ្ឋមន្ត្រី បានពិនិត្យលើបញ្ហាផ្សេងៗពាក់ព័ន្ធដំណើរការសង្គមជាតិ ព្រមទាំងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ានផងដែរ៕