(ភ្នំពេញ)៖ ដើម្បីអនុវត្តច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ សោភណភាព បរិស្ថានល្អ និងសិទ្ធិរបស់ជនមានពិការភាព សម្រាប់ការរស់នៅប្រកបដោយចីរភាព និងបរិយាបន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅនេះ បានចេញសេចក្តីណែនាំ៥ចំណុច ដល់ម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ និងម្ចាស់សំណង់នៅកម្ពុជា។

តាមសេចក្តីណែនាំនេះ ម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ និងម្ចាស់សំណង់ត្រូវអនុវត្តដូចតទៅ៖

ទី១៖ ត្រូវរៀបចំសួនច្បារជ្រាបទឹក និងដាំដើមឈើប្រណីត ជាអាទិ៍ ធ្នង់ នាងនួន ក្រញូង និងរៀបចំសួនបៃតងមានដាំស្មៅ និងផ្កាដែលមានក្លិនក្រអូបនៅក្នុងគម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន។

ទី២៖ ត្រូវរៀបចំឱ្យមានអាងសិបទិច និង/ ឬប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីសម្អាតទឹកកខ្វក់ឬសំណល់រាវ មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬតំបន់ទឹកសាធារណៈ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារបញ្ចេញទឹកកខ្វក់ ឬកម្រិតកំណត់ស្តង់ដារនៃការបញ្ចេញ សំណល់រាវនៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ ដូចមានកំណត់ក្នុងអនុក្រឹត្យ លេខ២៣៥ អនក្រ. បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការ ត្រួតពិនិត្យការបំពុលទឹក និងអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ទី៣៖ ត្រូវរៀបចំឱ្យមានធុងសំរាមរួមសម្រាប់រក្សាទុកនូវកញ្ចប់សំរាមសំណល់រឹងដែលបានវេចខ្ចប់ដោយ ថង់ក្នុងទីតាំងឬបរិវេណគ្រប់គ្រងរបស់ខ្លួន និងធុងរក្សាទុកសំរាមសំណល់រឹងនៅតាមចំណែក ឯកជននីមួយៗ និងច្រកយកសំរាមចេញ ព្រមទាំងគ្រប់គ្រងអនាម័យសមស្របតាមបទដ្ឋាន បច្ចេកទេសនៅគ្រប់គម្រោងអភិវឌ្ឍដី តម្រោងសាងសង់ ឬសំណង់ ដូចមានកំណត់ក្នុងអនុក្រឹត្យ លេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។

ទី៤៖ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពគ្រប់ ប្រភេទអាចចល័តទី ចេញ-ចូល ឡើង-ចុះ និងប្រើប្រាស់ដោយងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ ជាអាទិ៍ ចំណតរថយន្ត ច្រកផ្លូវ ផ្លូវជម្រាល បង្កាន់ដៃសុវត្ថិភាព ទ្វារនិងដៃទ្វារ ជណ្តើរយោង និងទ្វារប៊ូតុងបញ្ជាជណ្តើរយោង ឧបករណ៍ប្រាប់ដំណឹងជាសួរសម្លេង ស្លាកសញ្ញ ភ្លើងសញ្ញា បញ្ជរផ្តល់សេវា បន្ទប់ទឹក និងបរិក្ខារជំនួយសុវត្ថិភាពផ្សេងៗនៅតាមគម្រោងសាងសង់ ឬសំណង់ស្របតាមបទដ្ឋានបច្ចេកទេសដែលត្រូវបានដាក់ឱ្យអនុវត្តដោយប្រកាសអន្តរក្រសួង លេខ២៤៨ សអយ/ ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យអនុវត្តនូវបទដ្ឋាន បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

ទី៥៖ ត្រូវរៀបចំឱ្យមានទីតាំងប្រអប់សំបុត្ររួមសម្រាប់គម្រោងអគារពហុមុខងារ អគារប្រើប្រាស់ចម្រុះ អគារពាណិជ្ជកម្ម អគារសហកម្មសិទ្ធិ និងរៀបចំប្រអប់សំបុត្រតាមលំនៅឋានឯកជនតាមបទដ្ឋាន បច្ចេកទេសកំណត់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ដើម្បីបន្តពង្រឹង និងលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខ ការដឹកជញ្ជូន និង ទេសចរណ៍ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានស្នើ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត បន្តដឹកនាំ និងចាត់ចែងធ្វើការ រៀបចំកំណត់ឈ្មោះនិងលេខផ្លូវ និងលេខផ្ទះនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមនីតិវិធីជាធរមានផងដែរ៕