(កណ្តាល)៖ រយៈពេល១០នាទីម្តង សម្រាប់ការលេងផង រៀនផង ជាមួយនឹងឧបករណ៍អេឡិកត្រូនិកភ្ជាប់ទៅនឹងអ៉ិនធើណិត ប្រាកដជាតិច ណាស់សម្រាប់កុមារ ជាពិសេសកុមារពិការ ដែលមានជម្រើសកាន់តែតិចក្នុងការរៀន និង លេង។ ក៏ប៉ុន្តែអាស្រ័យដោយចំនួនមានកំណត់ នៃឧបករណ៍អេឡិកត្រូនិក ដែលហៅថា ថេប្លឹត (Tablet) ផ្តល់ដោយអង្គការ អែដ អេ អាក់ស្យុង (AEA) ជូនដល់បណ្ណាល័យមួយ ដែល បង្កើតឡើងដោយអង្គការទ្រទ្រង់កុមារពិការ ឈ្មោះអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) ស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កុមារពិការទាំងនោះ ត្រូវប្តូរវេនគ្នាម្តង ៥នាក់ៗ ប្រើបា្រស់ឧបករណ៍នេះ។
ដោយមានជំនួយពីអ្នកគ្រូ ឯម ឆវី ដែលជាបណ្ណារក្សផងដែរនោះ សិស្សពិការមួយវេនៗ ត្រូវបានជួយបង្ហាត់ បង្រៀន និង ណែនាំ តាំងពីការ ចាប់ផ្តើមបើកឧបករណ៍ថេប្លឹត រហូតចូលទៅក្នុងកម្មវិធីបណ្ណាល័យអេឡិកត្រូនិក កម្មវិធីខ្មែររៀនអាន រូបភាព អក្សរ និង ការរៀនអានពាក្យនី មួយៗ ជាបន្តបន្ទាប់។
សម្រាប់កុមារដែលមិនអាចនិយាយបាន អ្នកគ្រូ ឆវី គ្រាន់តែបង្ហាញរូបភាព និងអក្សរ ហើយធ្វើដៃសរសេរពាក្យណាមួយនោះ នៅក្នុងលំហនៅ ចំពោះមុខកុមារ រួចហើយឲ្យកុមារចង្អុលទៅលើពាក្យណាមួយ ក្នុងចំណោមពាក្យទាំងប៉ុន្មាននៅលើកញ្ចក់ថេប្លឹតថា តើពាក្យណាមួយត្រូវ។
«កម្មវិធីខ្មែររៀនអាន នៅក្នុងបណ្ណាល័យអេឡិកត្រូនិក ពិតជាល្អវិសេសណាស់ ព្រោះមានទាំងរូបភាព ទាំងអក្សរ និង សំលេងអាន ព្រមជា មួយគ្នា»។ អ្នកគ្រូ ឆវី ដែលជាអនុប្រធានបណ្តាញជនពិការខ្សោយសតិបញ្ញា និងអូទិហ្សឹមកម្ពុជាផងដែរនិយាយ។
«សម័យនេះ ជាសម័យបច្ចេកវិទ្យា ដូច្នេះកុមារទាំងឡាយ ទោះពិការ ឬមិនពិការក្តី តែងតែនិយមចូលចិត្តគ្រប់ៗគ្នា» អ្នកគ្រូបន្ថែម។
ស្ថាបនិកអង្គការ HHC ក៏មិនខុសពីអ្នកគ្រូ ឆវី ប៉ុន្មានដែរ ពោល គឺលោកមិនត្រឹមតែចាប់អារម្មណ៍ខ្លាំងនឹងកម្មវិធីខ្មែររៀនអាន និងបណ្ណាល័យ អេឡិកត្រូនិកប៉ុណ្ណោះទេ តែលោកថែមទាំងបារម្ភទៅដល់កង្វះឧបករណ៍ថេប្លឹត សម្រាប់កុមារថែមទៀត។
លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការ HHC និយាយ «កុមារៗចូលចិត្តប្រើប្រាស់ និងលេង ជាមួយនឹងឧបករណ៍នេះណាស់ ដូច្នេះ ហើយទើបយើងចេះតែព្រួយខ្លាច មានមិនគ្រប់សម្រាប់ឲ្យពួកគេ»។
អាស្រ័យដោយការខិតខំប្រឹងប្រែងជួយដល់កុមារពិការចំនួន ៣៦នាក់នៅក្នុងសហគមន៍ អង្គការ HHC ក៏បានទទួលការអនុញ្ញាតឲ្យផ្លាស់ទី តាំងមកនៅក្នុងអនុវិទ្យាល័យអនុវត្ត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ អង្គការ HHC តែងតែអញ្ជើញសិស្សសាលានេះមកចូលរួមលេងជាមួយ កុមារ ពិការនៅក្នុងមណ្ឌលផងដែរ។
«យើងហៅពួកគេមក ក្នុងគោលបំណងឲ្យពួកគេយល់ដឹងពីស្ថានភាពកុមារពិការ មានសមានចិត្តអា ណិតអាសូរ និង មិនរើសអើងកុមារពិការ»។ លោក សារិន បញ្ជាក់។
ស៊ីម សូរិយា សិស្សម្នាក់រៀនថ្នាក់ទី៨ ក្នុងចំណោមសិស្សអនុវិទ្យាល័យអនុវត្តចំនួន ៦នាក់ ដែលកំពុងអង្គុយលេងជាមួយនឹង កុមារពិការទាំងនោះ បាននិយាយទាំងទឹកមុខញញឹម «ខ្ញុំចូលចិត្តមកលេងជាមួយពួកគេ។ ខ្ញុំអត់មានរើសអើងអ្វីចំពោះពួកគេទេ!»។
មកដល់ពេលនេះ បណ្ណាល័យរបស់មជ្ឈមណ្ឌល HHC ទើបតែមានថេប្លឹតចំនួន ៦គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឲ្យដោយអង្គការអែដ អេ អាក់ស្យុង (AEA) ក្រោមគម្រោងសាកល្បងមួយ។ អាស្រ័យហេតុនេះហើយ ទើបពួកគេត្រូវប្តូរវេនគ្នាប្រើម្តង៥នាក់។ តាមគោលការណ៍របស់ មណ្ឌលកុមារ ត្រូវរៀនអានរយៈពេល ១០នាទីសិន ទើបអាចលេងបាន៕