(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដូនចាស់ម្នាក់ឈ្មោះ យឹម យ៉ន អាយុ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់ឲ្យលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនលោកយាយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវសម្ភារ និងថវិកា រួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មី ៥កេសតូច, ទឹកសុទ្ធ ៥កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអុីវ ៣យួរ, ត្រីខ ៥យួរ, ប្រេងឆា ៥ដប, ភួយធំ ១, មុង ១, អាវរងារ ១, ក្រមា ១ និងថវិកា១លានរៀល។

បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែ ជូនលោកយាយមិនឲ្យបារម្ភពីការដាច់ស្បៀងអាហារឡើយ។

លោកយាយ យឹម យ៉ន បានសម្ដែងនូវក្ដីត្រេកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹម ជាមួយនឹងទឹកចិត្តសណ្តោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈអភិបាលរាជធានីភ្នំពេញ៕