(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក នៅបឹងស្នោរបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត នាថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការរៀបចំពិធីនេះ ធ្វើឡើងក្នុងគោលបំណងរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាបង្កបរិយាកាសរីករាយ ជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជារៀងរាល់ឆ្នាំ (លើកលែងតែក្នុងអំឡុងពេលឆ្នាំ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) អាជ្ញាធរខេត្តតែងរៀបចំពិធីប្រណាំងទូកនៅមុខបឹងស្នោរ បរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត។
នៅក្នុងឆ្នាំនេះ នាថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២២ខាងមុខ រដ្ឋបាលខេត្ត នឹងបន្តរៀបចំកម្មវិធីដ៏មហោឡារិកដូចបណ្តាឆ្នាំមុនៗ ដោយចាត់តាំងឲ្យមានការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ (ចំណុះ២២នាក់) ជាលក្ខណៈមិត្តភាពរបស់បណ្តាស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត សាលាក្រុង ស្រុក សាលាខេត្ត និងទូករបស់បណ្តាខេត្តជាប់ ព្រមទាំងមានការដាក់តាំងបង្ហាញ និងលក់ផលិតផល កសិកផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគ បរិភោគ និងល្បែងកម្សាន្ដនានាក្នុងពេលរាត្រីផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖