(អាមេរិក)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមេដឹកនាំពាណិជ្ជកម្មនានាមកពីប្រទេសចំនួន ២៣ ព្រមទាំង សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាថា នឹងបង្កើនបរិមាណនៃការប្រើប្រាស់ថាមពលស្អាត និង ព្យាយាមកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាស ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនៅក្នុងវេទិកាអន្តរជាតិលើកទី៧ ឬកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ថាមពលស្អាត(CEM7) ដើម្បីឲ្យបណ្តាប្រទេសឧស្សាហកម្មធំៗទាំងអស់នៅលើសកលលោក បង្កើន កិច្ចការពាររៀងៗខ្លួន ទៅដល់បរិស្ថានរបស់ភពផែនដី ដែលកំពុងតែទទួលរងការវាយប្រហារយ៉ាងខ្លាំង ដោយសារសកម្មភាពអភិវឌ្ឍន៍នានា នៅទូទាំងពិភពលោក ជាពិសេសប្រទេសមហាអំណាចធំៗ។
គួរបញ្ជាក់ថា កិច្ចប្រជុំ CEM7 បានធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដោយក្នុងនោះ គេបានសង្កេតឃើញថា សហរដ្ឋអាមេរិក ចិន ឥណ្ឌា សហភាពអឺរ៉ុប និងបណ្តាប្រទេសធំៗមួយចំនួន ទៀតនៅលើពិភពលោក បានសម្រេចលទ្ធផល ៩០ភាគរយហើយ ក្នុងការវិនិយោគថាមពលស្អាត ហើយប្រការនេះបានបង្ហាញពីក្តីសង្ឃឹម និងគោលដៅឆ្ពោះទៅមុខដើម្បីរកភាពវិជ្ជមានបន្ថែមទៀត។
កាលពីអំឡុងកិច្ចប្រជុំនាប៉ុន្មានម៉ោងមុននេះដែរ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានភ្ជាប់បណ្តាញវីដេអូសន្ទនា ទៅកាន់បណ្តារដ្ឋមន្ត្រី និងពាណិជ្ជករទាំងឡាយ ដោយក្នុងនោះម្ចាស់ផ្ទះរូបនេះបាន អំពាវនាវឲ្យគ្រប់ប្រជាជាតិទាំងអស់ ព្យាយាមបង្កើតថ្ងៃស្អែកដ៏ប្រសើរ សម្រាប់អនាគតអ្នកជំនាន់ក្រោយ ទាំងអស់របស់យើង៕