(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី១ ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ការចូលរួមក្នុងវិស័យកីឡា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលើកឡើងថា «ប្រជាពលរដ្ឋម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច»

ពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១ បានធ្វើឡើងក្រោមវត្តមាន លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅបុរី R&F ស៉ីធី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកីឡាករ កីឡាការិនី ដែលជាសមាជិក របស់គណៈមេធាវីយ៉ាងច្រើនផងដែរ។

នាឱកាសនោះដែរ លោក លី ច័ន្ទតុលា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវីនេះ គឺធ្វើឡើងក្នុងគោលបំណងចំនួន៣រួមមាន៖

ទី១៖ ចង់បង្ហាញឱ្យមានបរិយាកាសមួយសម្រាប់មេធាវី ឱ្យស្គាល់គ្នាកាន់តែច្បាស់ ជិតស្និទ្ធ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងយកស្មារតីកីឡានេះ យកទៅអនុវត្តប្រកបវិជ្ជាជីវៈ ស្តែងតាមការប្រកួតកីឡា គឺមានចាញ់មានឈ្នះ ដូច្នេះ ក្នុងនាមជាមេធាវី គឺពួកគាត់ទាំងអស់បានការពារកូនក្តីរៀងៗខ្លួន និងមានអ្នកឈ្នះក្តី និងចាញ់ក្តី ត្រង់ចំណុចនេះការរៀបចំកីឡាវាយសីថ្ងៃនេះ អាចបញ្ជាក់ឱ្យពួកគាត់កាត់តែយល់ច្បាស់ថា ការចាញ់ឈ្នះក្តី នៅតុលាជារឿងធម្មតា ប៉ុន្តែ យើងនៅតែរក្សាមិត្តភាព ចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដដែល។

ទី២៖ ចង់ឱ្យបងប្អូនមេធាវីគាត់ លេងកីឡា ដើម្បីឱ្យពួកគាត់មានសុខភាពល្អ អាចបំពេញកិច្ចការងារវិជ្ជាជីវៈមេធាវីមានល្អ មានភាពយូរអង្វែងផងដែរ។

និងទី៣៖ ការអនុវត្តស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ គឺ «ប្រជាពលរដ្ឋម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច»

លោកមេធាវី លី ច័ន្ទតុលា បានឱ្យដឹងថា សម្រាប់ការបង្កើតឱ្យមានជាពាន់រង្វាន់នេះបន្ថែមទៀត គឺជាការលើកទឹកចិត្តកីឡាករ កីឡាការិនី ដែលជាមេធាវីឱ្យខិតខំប្រឹងប្រែងការប្រកួត ខណៈការប្រកួតពានរង្វាន់វាយសីនេះ គឺមានកីឡាករ កីឡាការិនី ចំនួន១៤២នាក់ ចូលរួមប្រកួតប្រជែង។

ជាមួយគ្នានេះដែរ លោកមេធាវី លី ច័ន្ទតុលា បានបន្តថា សម្រាប់ការប្រកួតលើកនេះ គឺមានតែសមាជិក សមាជិកាគណៈមេធាវី ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង ហើយសម្រាប់ឆ្នាំក្រោយ គណៈមេធាវីនឹងរៀបចំការប្រកួតនេះបន្តទៀត។ ក្រៅពីកីឡាវាយសី គណៈមេធាវី មានរៀបចំការប្រកួតកីឡាបាល់ទាត់ ដែលមកដល់ពេលនេះក្រុមកីឡាបាល់ទាន់គណៈមេធាវី មានសមាជិកជាង ៣០០នាក់ហើយ ព្រមទាំងនឹងមានគម្រោងរៀបចំការប្រកួតមិត្តភាពជាច្រើនផងដែរ។

លោកមេធាវី លី ច័ន្ទតុលា បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការរៀបចំប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី អាចនឹងក្លាយចំណែកមួយជំរុញដល់ប្រជាពលរដ្ឋប្រកាន់យកការលេងកីឡា និងការចូលរួមបន្ថែមទៀត ចំពោះការគាំទ្រដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខជាដើម។

បើតាមលោកធាវី ឈឿន វឌ្ឍនា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រចំពោះការរៀបចំប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវីនេះ នឹងក្លាយជាចំណែកចំណែកមួយជំរុញឱ្យមានភាពស្និតស្នាល និងការរឹតចំណងមិត្តភាពបន្ថែមទៀតរវាងមេធាវី និងមេធាវី។

លោកមេធាវី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីមានសុខភាពល្អ មានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់។

ពានរង្វាន់នៃការប្រកួត នឹងត្រូវបែងចែកជា ៤ ប្រភេទ រួមមាន៖ ពានរង្វាន់ AII STAR សម្រាប់កីឡាការិនី មានចំនួន ៨គូ ត្រូវប្រកួតជ្រើសរើសយកលេខ១ និងលេខ២ ដែលប្រកួតរវាងគូស្តី និងគូស្ត្រី។ ពានរង្វាន់ All STAR សម្រាប់កីឡាករ មានចំនួន ៣៤គូ ត្រូវប្រកួតជ្រើសរើសយកលេខ១ លេខ២ និងលេខ៣ ដែលប្រកួត រវាងគូបុរស និងគូបុរស៕