(ភ្នំពេញ)៖ បន្ទាប់ពីទស្សនាការប្រកួតផ្សាយផ្ទាល់ កាលពីព្រលប់ម្សិលមិញ រវាងក្រុមកីឡាករកម្ពុជា ប៉ះជាមួយក្រុមកីឡាករចិនតៃប៉ិ លោក ផៃ ស៊ីផាន​ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប និងក្នុងនាមជាកូនខ្មែរ សូមសម្តែងនូវការឈឺចាប់ចំពោះការម៉ាក់ងាយដល់ជាតិសាសន៍ខ្មែរ ពីសំណាក់លេខ១៧ របស់ចិនតៃប៉ិ ដែលបានចង្អុលមុខសម្លុតកីឡាករខ្មែរ និងកីឡាករលេខ២១ របស់ចិនតៃប៉ិម្នាក់ទៀត ដែលបានរត់ជាន់លើកីឡាករ អ្នកចាំទីរបស់ខ្មែរ ព្រមទាំងបានស្តោះទឹកមាត់ ហើយដើរធ្វើព្រងើយមិនខ្វល់ពី ឈឺពើតផ្សាររបស់អ្នកចាំទី។

ទង្វើបែបនេះត្រូវបានលោកលើកឡើងថា កីឡាករចិនតៃប៉ិ ជាមនុស្សឃោរឃៅ កុំឲ្យចូលមកស្រុកខ្មែរ ឬចូលរួមការប្រកួត ជាមួយខ្មែរ រហូតដល់មានការសុំទោសជាសាធារណៈ, ជាគំរូអាក្រក់មួយ​មិនមែនជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឡើយ។

លោក ផៃ ស៊ីផាន បានសម្តែងការឈឺចាប់យ៉ាងដូច្នេះថា៖ «គួរតែហាមមនុស្សឃោរឃៅនេះ មិនឲ្យចូលស្រុកខ្មែរ រឺចូលរួមការប្រកួតជាមួយក្រុមខ្មែរ រហូតដល់មានការសុំទោស។ អំពើនេះមិនមែនជាវិន័យជាកីឡាករឡើយ។ ហើក៏មិនមែននាំឬកសាងមិត្តភាព និងសន្តិភាពឡើយ។​ នេះជាគំរូអាក្រក់មួយ​ ដែលមិនមែនជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឡើយ។ Let ban him from entering to Cambodia or matching game with Cambodian team He is a cruel person! and not the spirit of sport for friendship or peace! It is against the human dignity»។

ការរត់ជាន់លើអ្នកចាំរបស់ខ្មែរ ព្រមទាំងបានស្តោះទឹកមាត់ពីសំណាក់កីឡាករចិនតៃប៉ិនេះ បានកើតឡើងនៅនាទីទី៨០ និង៨៣ នៃការប្រកួត។

សូមជំរាបថា ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ទប់បានស្មើលទ្ធផល ២-២ ពេលជួបក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ក្នុងជើងទី១ នៃវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2016 នាយប់ថ្ងៃទី០២ មិថុនានេះ ។

កម្ពុជាបានរបូត១គ្រាប់ត្រឹមចាប់ផ្តើមលេងបាន៦នាទី មុនពេលកីឡាករ កែវ សុខផេង ជួយឲ្យកម្ពុជា តាមបានស្មើវិញ នៅនាទី៨ នៅកីឡដ្ឋាន Kaohsiung ។ យ៉ាងណាក៏ដោយ នៅលើទីលានកាន់​មានកម្តៅខ្លាំងឡើង ជាមួយនឹងនាំមុខ ២-១ វិញរបស់ចិនតៃប៉ិ នៅនាទីទី២១ មុនពេលកីឡាករ ឈិន ឈឿន បន្ថែមគ្រាប់តាមស្មើវិញទៀតនៅនាទីទី៣១ ដើម្បីបញ្ចប់លទ្ធផលស្មើ ២-២ ក្នុងវគ្គទី២ និងបញ្ចប់ការប្រកួតពេញម៉ោង៕