(ប៉េកាំង)៖ កូរ៉េខាងជើង អាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីមួយទៀត ពីអង្គការសហប្រជាជាតិ បន្ទាប់ពីធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ និងបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ នៅប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែអ្នកជំនាញភ្នាក់ងារទេសចរណ៍ បានឲ្យដឹងថា វិស័យទេសចរណ៍ ក្នុងប្រទេសនេះនៅតែខ្លាំង នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ។
បើទោះបីជាភ្ញៀវទេសចរភាគច្រើន នឹងត្រូវបានកំណត់ឲ្យមានឱកាសត្រឹមតែនិយាយ ជាមួយមនុស្សក្នុងតំបន់ក្តី ប៉ុន្តែពួកគេបានយល់ដឹងយ៉ាងច្បាស់ ពីការរស់នៅប្រចាំថ្ងៃពីប្រជាជនកូរ៉េខាងជើង។ ចិនគឺជាប្រទេសដែលជាចំណុចមានភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់កូរ៉េខាងជើងច្រើនជាងគេ ប៉ុន្តែមិនដូច ប្រទេសដទៃជាច្រើនទៀត ដែលក្រុមភ្ញៀវទេសចរ មិនអាចដើរចូលទៅកាន់ស្ថានទូតកូរ៉េខាងជើង ហើយដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍បាននោះទេ។ ភ្ញៀវទេសចរ តម្រូវឲ្យកក់ការធ្វើទេសចរ តាមរយៈប្រតិបត្តិករទេសចរ ដែលដាក់ពាក្យសុំទិដ្ឋាការ ហើយធ្វើដំណើរកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរ ដោយមិនមានការធ្វើដំណើរទេសចរណ៍ ដោយឯកជនទៅកាន់ កូរ៉េខាងជើងបាននោះទេ។ បើទោះជាមានលក្ខខណ្ឌបែបនេះ និងលក្ខខណ្ឌផ្សេងទៀតក្តី ចំនួននៃភ្ញៀវទេសចរ ទៅកាន់កូរ៉េខាងជើង នៅតែមានការកើនឡើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមប្រតិបត្តិករទេសចរ បានឲ្យដឹងថា មានភ្ញៀវទេសចរមកពីប្រទេសលោកខាងលិចប្រមាណ ៥,០០០នាក់ បានធ្វើដំណើរកម្សាន្តមកកាន់កូរ៉េខាងជើង ជារៀងរាល់ឆ្នាំ បើធៀបទៅនឹង១ទសវត្សន៍មុន មានត្រឹមតែ៧០០នាក់ប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងថេរ បើទោះបីជាថ្មីៗនេះ មានការសាកល្បងអាវុធនុយក្លេអ៊ែ និងបាញ់គ្រាប់មីស៊ីលក្តី។ ឧស្សាហកម្មទេសចរណ៍ របស់កូរ៉េខាងជើង បានប៉ះពាល់ដោយទណ្ឌកម្មថ្មីៗនេះទេ គឺវាត្រូវបានមើលឃើញថា រកប្រាក់ចំណូលបានយ៉ាងច្រើន។ ប្រទេសមួយនេះបានប្រកាសថា ខ្លួនរំពឹងថានឹងទាក់ទាញបានភ្ញៀវទេសចរ២លាននាក់ នៅត្រឹមឆ្នាំ២០២០៕