(ភ្នំពេញ)៖ យុវជន២នាក់ជិះម៉ូតូអត់ស្លាកលេខ ព្យាយាមរត់គេចពីសមត្ថកិច្ច-ប៉ុន្តែរត់មិនរួច ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដាក់ការសង្ស័យដេញតាមប្រម៉ាញ់ឃាត់ខ្លួនភ្លាមៗ ឆែកឆេររកឃើញថ្នាំញៀនចំនួន៤កញ្ចប់ នៅក្រោមកែបម៉ូតូដែលជនទាំងនេះ បានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខហ្គាសទាន់សម័យ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ឲ្យដឹងពីអធិការរង ទទួលផែនយុត្តិធម៌ខណ្ឌឫស្សីកែវ លោក អ៉ីវ ឈុនផេង បានប្រាប់ថា បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ និងខណ្ឌឫស្សីកែវ បានដាក់គោលដៅយាមល្បាត តាមបណ្ដោយផ្លូវជាតិលេខ៥ ដើម្បីរក្សាសន្តិសុខផ្សេងៗ ខណៈនោះស្រាប់តែប្រទះឃើញ យុវជនទាំង២នាក់ ជិះបើកម៉ូតូ១គ្រឿង អត់ស្លាកលេខក៍ធ្វើការហៅឃាត់ប៉ុន្តែជនទាំង២ មិនព្រមឈប់ និងព្យាយាមបើកម៉ូតូរត់គេចពីមុខឃ្លាំងសាំង នាសង្កាត់ឫស្សីកែវ រហូតមកដល់ទល់មុខហ្គាសទាន់សម័យនាសង្កាត់ស្វាយប៉ាក ក៍ត្រូវបានកម្លាំងនគរបាលរួមសហការ ឃាត់ក្របួចទាំង២នាក់តែម្ដង។
លោក អ៉ីវ ឈុនផេង បានប្រាប់ទៀតថា ក្រោយឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង២នាក់កម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន៤កញ្ចប់ ដែលជនទាំងនេះ បានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាប្រភេទម៉ាទឹកកក រួមទាំងដកហូតម៉ូតូ១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។
ជនត្រូវឃាត់ខ្លួន៖១ឈ្មោះអឿន សុធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី២ឈ្មោះអ៊ុត សំអៀង ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនត្រូវជាប់សង្ស័យទាំង២ស្នាក់នៅ ភូមិព្រៃព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក អ៉ីវ ឈុនផេង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួន សាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕