Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោករដ្ឋមន្ត្រី ស៊ុយ សែម៖ មន្ត្រីរាជការទទួលប្រាក់ខែពីរដ្ឋ ត្រូវធ្វើការបម្រើរដ្ឋ និងប្រជាជនឲ្យបានល្អ

03-06-2016 08:08

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងជំរុញឲ្យមន្ត្រីរបស់ខ្លួន ធ្វើការដោយយកចិត្តទុកដាក់ គោរពតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ព្រោះមន្ត្រីទទួលប្រាក់ខែពីរដ្ឋ ត្រូវធ្វើការបម្រើរដ្ឋ និងប្រជាជន។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ធ្វើឡើងនៅល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងឱកាសដែលក្រសួងរ៉ែ និងថាមពល រៀបចំពិធីផ្សព្វផ្សាយព្រះរាជ្យក្រឹត អនុក្រឹត និងប្រកាសកែសម្រួល តែងតាំង និងប្រគល់ភារកិច្ច ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីថា ការតែងតាំងនាពេលនេះ គឺថ្នាក់ដឹកនាំបានធ្វើការពិចារណា សង្កេត លើស្នាដៃសកម្មភាព និងលទ្ឋផលការងារយ៉ាងល្អិតល្អន់ មុននឹងឈានដល់ការសម្រេចចិត្ត ធ្វើការស្នើសុំតែងតាំងមន្ត្រីទាំងអស់ ទៅរាជរដ្ឋាភិបាល ដូច្នេះសូមឲ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំ បំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងប្រគល់ឲ្យដោយយកចិត្តទុកដាក់ និងស្មោះត្រង់ព្រោះ មន្ត្រីរាជការទទួលប្រាក់ខែពីរដ្ឋ ត្រូវធ្វើការបម្រើរដ្ឋ និងប្រជាជន ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពឋានានុក្រមតួនាទីភារកិច្ច ជួយធុរៈគ្នាទៅវិញទៅមកក្នុងគ្រា លំបាកទៅតាមលទ្ឋភាព បង្កើតបរិយាកាសសុខដុមរមនាក្នុងអង្គភាព។

លោកបានបន្ថែមទៀតថា ឆ្លៀតក្នុងពេលនេះដោយមានវត្តមាន ថ្នាក់ដឹកនាំប្រធានមន្ទីរ រាជធានី-ខេត្ត ចូលរួមដែរ លោកសូមឲ្យអ្នកទាំងនេះ ត្រូវយកចិត្តទុកដាក់ នូវតួនាទី ភារកិច្ច និងសមត្ថិកិច្ចរបស់ក្រសួង នៅតាមដែនដីរបស់ខ្លួន ជាពិសេសវិស័យរ៉ែសំណង់ ដែលមានការដឹកជញ្ជូនលើសចំណុះ គ្មានការគ្របត្រឹមត្រូវខុសលក្ខណៈបច្ចេកទេស បណ្តាលឲ្យហ៊ុយដី និងខូចខាតផ្លូវ និងត្រូវតាមដានរាល់ព័ត៌មាន ដែលរាយការណ៍តាម សារព័ត៌មាន វិទ្យុ ទូរទស្សន៏ និងបណ្តាញទំនាក់ទំនងសង្គមនានា គឺត្រូវចុះទៅពិនិត្យ និងដោះស្រាយជាបន្ទាន់ ទោះបីព័ត៌មាននោះពិត ឬមិនពិតក៏ដោយ ត្រូវចុះដល់ទីតាំង រួចត្រូវមានវិធានការណ៍តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ និងត្រូវរាយការណ៍ជាបន្ទាន់ មកក្រសួងអំពីលទ្ធផលដោះស្រាយ ហើយក្រសួងនឹងធ្វើការពិនិត្យវាយតម្លៃ ចំពោះការអនុវត្តរបស់មន្ទីររាជធានី-ខេត្ត៕