(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំហរគាំទ្រដល់ប្រទេសទីម័រឡេស្ត (Timor-Leste) ចូលជាសមាជិកទី១១ របស់អាស៊ាន។
ការបង្ហាញគោលជំហររបស់កម្ពុជានេះ បានធ្វើឡើងខណៈដែល សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ លោក Rul Maria de Aroujo នាយករដ្ឋមន្រ្តីទីម័រឡេស្តេ កាលពីល្ងាចម្សិលមិញ បន្ទាប់ពីបិទ វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៥ នៅប្រទេសម៉ាឡេស៊ី។
នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រក្នុងការដាក់បញ្ចូលប្រទេសទីម័រឡេស្ត ជាសមាជិកថ្មីរបស់អាស៊ាន។
សម្តេចតេជោ លើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំគាំទ្រប្រទេស Timor-Leste ដើម្បីបានចូលជាសមាជិកអាស៊ានទី១១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមាជិកបន្ថែមក្នុងការជំរុញ និងថែរក្សាស្ថានភាពក្នុងតំបន់អោយកាន់តែប្រសើរឡើង»។
បច្ចុប្បន្ន អាស៊ាន ដែលបង្កើតឡើងកាលពីខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកនោះ មានសមាជិកចំនួន១០ប្រទេស នាពេលបច្ចុប្បនេះ ក្នុងនោះមានកម្ពុជា ឡាវ ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន ព្រុយនេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភូមា ជាដើម។
សូមបញ្ជាក់ថា កិច្ចពិភាក្សាកាលពីរសៀលម្សិលមិញនេះ គឺបានរិតបន្ថែមនូវចំណងមិត្តភាពកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរ (កម្ពុជា-ទីម័រឡេស្ត) ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី Timor-Leste ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន នៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕