(ភ្នំពេញ)៖ ដំណើរទស្សនៈកិច្ចផ្លូវការរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈលោកអភិបាល និងលោកស្រី រួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពរណ៍ ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ នៅទីក្រុងហូជីមិញ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រទេសជាច្រើនក្នុងពិភពលោក។
ពិពរណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទីផ្សារទេសចរណ៍ឲ្យបានល្អប្រសើរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។
នាឱកាសនោះ លោក ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ លោក PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និតស្នាល និងស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះលោក ឃួង ស្រេង និងប្រតិភូ ដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញ ចំពេលនៃការបើកសម្ពោធពិពរណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងជំរុញទីផ្សារទេសចរណ៍ ឲ្យដំណើរការល្អប្រសើរឡើងវិញ។
លោក PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ-ភ្នំពេញ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ព័ន្ធភាព។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់លោក PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគ នៃទីក្រុងទាំង២ តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគ ដើម្បីឲ្យអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។
លោកអភិបាល ក៏បានអបអរសាទរផងដែរ ចំពោះការលើកឡើងរបស់ លោក PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញ ឲ្យកាន់តែល្អប្រសើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀត ដើម្បីកាត់បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។
ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញ មកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាម ដែលការចំណាយជាបន្ទុករបស់ភាគីវៀតណាម ផងដែរ។
នៅព្រឹកថ្ងៃដដែលនេះ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ នៅមុនពេលចេញដំណើរពីទីក្រុងហូជីមីញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម មុនធ្វើមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ឃួង ស្រេង បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក NGUYEN VAN NEN លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ព័ន្ធភាពនឹងគ្នា។
លោក NGUYEN VAN NEN បានកោតសរសើរចំពោះកិច្ច សហប្រតិបត្តិការរវាងទីក្រុងហូជីមីញ និងរាជធានីភ្នំពេញ លើវិស័យជាច្រើនមានទេសចរណ៍, ពាណិជ្ជកម្ម, សុខាភិបាល, អប់រំ, វប្បធម៌ជាដើម ដែលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជន នៃទីក្រុងទាំង២ រួមចំណែកអភិវឌ្ឍន៍ទីក្រុងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងរឹតចំណងមិត្តភាព សាមគ្គីភាព កាន់តែស្អិតរមួតរវាងទីក្រុងទាំង២ផងដែរ។
ក្នុងដំណើរចូលជួប សម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ នៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីលោក សុខ ដារ៉េត អគ្គកុងស៊ុលរបស់កម្ពុជា ប្រចាំទីក្រុងហូជីមីញផងដែរ។ គណៈប្រតិភូរបស់សាលារាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង បានធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ៕