(ព្រះវិហារ)៖ «អតីតរាជធានី បុរីលិង្គ ឬ ឆោគគ៌្យរ»! ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្ដើមកសាងរាជធានី នៅកោះកេរនាឆ្នាំ៩២១ នៃគ្រឹស្តសករាជ ហើយបានគ្រងរាជ្យជាផ្លូវការពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ្រឹស្ដសរាជ។
បន្ទាប់មកព្រះរាជបុត្រព្រះបាទហរសវរ្ម័នទី២ បានឡើងគ្រងរាជបន្តបានរយៈពេលខ្លី រហូតដល់ឆ្នាំ៩៤៤ នៃគ្រឹស្ដសករាជ ដែលរាជធានីរបស់ព្រះអង្គឈ្មោះ «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ ជាភាសាខ្មែរ» ដែលឈ្មោះបច្ចុប្បន្ន គឺប្រាសាទកោះកេរ។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនា តំណាងអន្តររដ្ឋាភិបាល មកពីអាមេរិក, នីហ្សេរីយ៉ា, អឺរ៉ុប និងអ្នកជំនាញមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែលបានអញ្ជើញមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនៈពីអាស៊ាន ទៅទស្សនាអតីតរាជធានីបុរាណ តំបន់ប្រាសាទកោះកេរនេះ។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងឲ្យតំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ សិក្ខាកាម និងអ្នកចូលរួមទាំងអស់ បានដឹងស្គាល់ពីប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រាង្គប្រាសាទខ្មែរ យល់ពីព្រឹលឹងនៃប្រាសាទ និងភាពអស្ចារ្យប្លែកគ្នានៃប្រាសាទនីមួយៗ។ ពិសេសជាងនេះទៀត គឺបានឃើញពីសម្បត្តិវប្បធម៌ ដែលបានទទួលរងការបំផ្លិចបំផ្លាញនាសម័យសង្គ្រាម និងជាច្រើនទៀតត្រូវបានលួចយកទៅលក់នៅទីផ្សារងងឹត។
កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ គឺព្រះគណេស (Ganesha) និងព្រះស្កន្ទគង់លើក្ងោក (Skanda on a peacock) ដែលចម្លាក់ទាំងពីរនេះ មាននៅប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណពីឆ្នាំ៩២៨ ដល់ ៩៤៤ នៃគ.ស និងត្រូវបានបាត់បង់ដោយការលួចជីកគាស់កកាយ និងនាំចេញទៅចរាចរជួញដូរដោយខុសច្បាប់ជាមួយសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀតក្នុងអំឡុងពេលសម័យសង្គ្រាម។
មន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា តាមរយៈសន្និសីទនេះ គឺជាឧទាហរណ៍មួយនៃកិច្ចសហប្រតិបត្តិការពហុភាគីសម្រាប់ការអំពាវនាវរួមគ្នា ដើម្បសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារសម្បត្តិវប្បធម៌ដែលជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ»។
មន្ត្រីបន្តថា «យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការចរាចរ និងការជួញដូរខុសច្បាប់ ដើម្បីអាចធានាថា ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ បានដឹងច្បាស់ពីសារៈសំខាន់នៃបេតិកភណ្ឌសម្រាប់សង្គមរបស់ខ្លួន និងការទទួលខុសត្រូវរបស់ពួកគេក្នុងកិច្ចការពារសម្បត្តិវប្បធម៌»។
ក្រសួងសង្ឃឹម និងជឿជាក់ថាប្រជាជាតិអាស៉ីគ្នេយ៍ អឺរ៉ុប ដៃគូសន្ទនា មន្ត្រីជំនាញ និងអង្គការអន្តររដ្ឋាភិបាល នឹងមិនព្រងើយកន្តើយ រួមសហការគ្នាក្នុងការបង្កើតយន្តការរួម ដើម្បីទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ទាមទារ ឬស្នើសុំមកវិញឲ្យបាននូវសម្បត្តិវប្បធម៌នានាទៅកាន់ប្រទេសដើមវិញដោយសន្ដិវិធី៕