(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ថា អាជ្ញាធរបានយកលុយថ្លៃលើការដឹកជញ្ជូនប្រជាពលរដ្ឋចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។ រដ្ឋបាលខេត្តសៀមរាប បានច្រានចោលការចោទប្រកាន់នេះ និងហៅការចោទប្រកាន់របស់បុគ្គល ខឹម វាសនា កំពុងបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋលើទង្វើបោកប្រាស់របស់ខ្លួន។

ប្រតិកម្មរបស់រដ្ឋបាលខេត្តសៀមរាប បានកើតមានឡើងបន្ទាប់ពី លោក ខឹម វាសនា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ បានផ្សព្វផ្សាយចោទប្រកាន់អាជ្ញាធរខេត្តសៀមរាបថា បានយកប្រាក់ចំនួន ១០ម៉ឺន ទៅ២០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្ដល់បាយទឹក។

រដ្ឋបាលខេត្តបានអះអាងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ នាយករដ្ឋមន្តីជាប្រមុខ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះ រថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលំនៅឋានវិញ និងចែកអាហារដោយមិនគិតថ្លៃបានចំនួន ១៩នាក់ និងរថយន្តចំនួន៣គ្រឿង។ ក្នុងនោះប្រជាពលរដ្ឋ និងសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យភាគច្រើន សម្រេចចិត្តធ្វើដំណើរទៅលំនៅឋានវិញដោយមធ្យោបាយផ្ទាល់ខ្លួន ឬញាតិមិត្ត ឬជួលមធ្យោបាយដឹកជញ្ជូនក្រៅ។

ជាមួយនឹងការប្រតិកម្មនេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសស្វាគមន៍ និងស្នើដល់លោក ខឹម វាសនា និងប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ខាងលើនេះ បង្ហាញភស្តុតាងដល់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែងស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរសព្ទលេខ ០៧៨ ៨០០ ៩៨៨។

ក្នុងសេចក្តីប្រកាសព័ត៌មានប្រតិកម្មនឹងលោក ខឹម វាសនា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ថា បុគ្គល ខឹម វាសនា នៅតែបន្តចេតនាអាក្រក់ បន្តភូតភរកុហកបោកប្រាស់ ចោទប្រកាន់ និងដាក់បន្ទុកមកលើដំណោះស្រាយរបស់ប្រតិភូក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងន័យបង្វែរការចាប់អារម្មណ៍អ្នកគាំទ្រខ្លួន ឬចាញ់ឧបាយកលបោកប្រាស់របស់ខ្លួនកន្លងមក។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្តសៀមរាប ក៏បានចាត់ទុកការប្រកាសផ្សព្វផ្សាយរបស់លោក ខឹម វាសនា ពាក់ព័ន្ធព័ត៌មានអវសានពិភពលោកដោយសារទឹកលិចនោះ ជាការផ្សព្វផ្សាយប្រឌិតព័ត៌មាន គ្មានមូលដ្ឋានវិទ្យាសាស្ត្រ ការផ្សព្វផ្សាយជំនឿអរូបិយប្រឌិត រវើរវាយខុសពីការពិត។

រដ្ឋបាលខេត្ត បានបន្ថែមថា ការប្រមូលផ្តុំរៀបចំដោយលោក ខឹម វាសនា បានបង្កផលវិបាកជាច្រើន រួមមានជាអាទិ៍៖ បញ្ហាទំនាក់ទំនងក្នុងគ្រួសារ បញ្ហាជីវភាព ការបាត់បង់ការងារ ការលះបង់ទ្រព្យសម្បត្តិ ការខាតពេលវេលា ការអាក់ខានការសិក្សារបស់ក្មួយៗសិស្សានុសិស្ស បញ្ហាសុខភាព ការប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ៕