(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ១២៦នាក់បានស្លាប់ និង៥០៧នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេញ១ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
គេហទំព័អគ្គស្នងការនគរបាលជាតិ ដែលដកស្រង់របាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែឧសភា ឆ្នាំ២០១៦ បានកើតឡើងចំនួន២៨៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២៨នាក់ និងរបួស៥០៧នាក់ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ អ្នកស្លាប់ថយចុះ៣២នាក់ អ្នករងរបួសថយចុះចំនួន១៦នាក់។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់ដែលកើតមានឡើងភាគច្រើន នៅរាជធានីភ្នំពេញចំនួន២៤លើក ខេត្តកំពង់ចាមចំនួន២២លើក និងខេត្តកំពត១៨លើក។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ដោយសារការបើកបរលើសល្បឿនកំណត់ ៤២ភាគរយ ស្រវឹង១១ភាគរយ មិនប្រកាន់ស្តាំ១១ភាគរយ មិនគោរពសិទ្ធិអាទិភាព៩ភាគរយ វ៉ាជែង១១ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ងងុយ២ភាគរយនិងកត្តាផ្សេងៗ២ភាគរយ។
ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន៧២លើក ស្លាប់ថយចុះចំនួន៥៩នាក់ និងអ្នករបួសថយចុះចំនួន១៦នាក់។ ដោយឡែកប្រៀបធៀបរយៈពេល៥ខែ ២០១៥ ចាប់ពីពេលរឹតបណ្តឹងអនុវត្តច្បាប់ថ្មីពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន២៦៩លើក ស្លាប់ថយចុះចំនួន៨១នាក់ និងអ្នករបួសថយចុះចំនួន៤៣៨នាក់៕