(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook បញ្ជាក់អំពីការទទួលចៅស្រីទី១ របស់សម្ដេចដែលមិនបានមកកម្ពុជាតាំងពីចុងឆ្នាំ២០១៩ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ក្រោយប្រឡងបញ្ចប់ការសិក្សានៅបរទេស។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ការមកដល់របស់ចៅស្រីទី១នេះ ធ្វើឲ្យចៅស្រីទី២២របស់សម្ដេច ដែលត្រូវជាប្អូនស្រីបង្កើតនោះ មិនស្គាល់បងស្រីរបស់គេឡើយ ដោយសារក្មេងពេកទើបមានអាយុ២០ខែប៉ុណ្ណោះ ហើយក៏មិនត្រូវការពេលប៉ុន្មានទើបពួកគេស្គាល់គ្នានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ដោយសារកូវីដ១៩ ធ្វើឲ្យចៅស្រីទី១ មិនបានត្រឡប់មកស្រុកតាំងពីចុងឆ្នាំ២០១៩ រហូតដល់ថ្ងៃ៨ កញ្ញា ២០២២នេះ ទើបបានត្រឡប់ចូលស្រុក ក្រោយប្រឡងបញ្ចប់ការសិក្សា។ ដោយហេតុនេះហើយទើបចៅស្រី២២ មិនទាន់ស្គាល់បងស្រីបង្កើតរបស់ខ្លួន។ រង់ចាំមើល តើគេត្រូវការពេលប៉ុន្មានទើបស្គាល់គ្នា ដោយសារចៅទី២២ នៅក្មេងពេកទើបមានអាយុ២០ខែ»