(កំពង់ឆ្នាំង)៖ មុខសញ្ញាក្រុមចោរលួច ចោរឆក់ មានស្ថានទម្ងន់ទោសចំនួន៩នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខជាសាធារណៈ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាព នៅក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ពិសេសបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាពចោរលួច ចោរឆក់មានស្ថានទម្ងន់ទោស កើតមាននៅក្នុងខែកក្កដា និងខែសីហា នៅក្នុងស្រុកចំនួន៤ គឺស្រុកកំពង់ត្រឡាច, ស្រុកសាមគ្គីមានជ័យ, ស្រុកទឹកផុស និងស្រុករលាប្អៀរ។
លោកបានដឹកនាំសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាពជិះម៉ូតូធាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូបជនរងគ្រោះ ពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បានទាញកាំបិតដេញកាប់ ហើយពេលជនរងគ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង។
ជាក់ស្ដែងនៅក្នុងអំឡុងខែសីហាកន្លងមកថ្មីៗនេះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមុខសញ្ញាខាងលើនេះ ចំនួន៩នាក់ ក្នុងនោះរួមមាន ទី១៖ឈ្មោះ រិន មិថុនា, ទី២៖ឈ្មោះ ស និមល, ទី៣៖ឈ្មោះ លាន ថា, ទី៤៖ឈ្មោះ ងន សេងលី, ទី៥៖ឈ្មោះ ប៊ុន រ៉ូស, ទី៦៖ឈ្មោះ ជា សុង, ទី៧៖ឈ្មោះ រ៉េត រ៉ុង, ទី៨៖ឈ្មោះ ហូរ អូន និងទី៩៖ ឈ្មោះ យន ពិសី ពួកគេទាំង៩នាក់នេះ រស់នៅក្នុងឃុំមានក (មានោក) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូស កាំបិត១, ពូថៅ១ និងម៉ូតូ៤គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ថា ដោយឡែកនៅក្នុងអំឡុងខែកក្កដាកន្លងមក មុខសញ្ញាដែលធ្វើសកម្មភាពនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនចំនួន៧នាក់ផងដែរ។ ជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងអស់ហើយដែរ។
អំពីផលលំបាកមួយចំនួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ មុខសញ្ញាមួយចំនួន ជនរងគ្រោះមិនស្គាល់មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់ និងពេលខ្លះជនរងគ្រោះ មិនបានរាយការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា។ ក្នុងករណីនេះ លោកស្នងការរង បានអំពាវនាវដល់ប្រជាពលរដ្ឋពេលជួបហេតុការណ៍ដូចខាងលើនេះ ត្រូវប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា និងសូមប្រុងប្រយ័ត្ននៅពេលទុកដាក់ រថយន្ត ម៉ូតូ ចាក់សោឲ្យបានត្រឹមត្រូវ ហើយមុនចូលគេងនៅពេលយប់ សូមមេត្តាពិនិត្យមើលទ្វាររបង និងទ្វារផ្ទះត្រូវខ្ទាស់គន្លឹះ ឬចាក់សោរឲ្យបានត្រឹមត្រូវផងដែរ៕