(ភ្នំពេញ)៖ បុរសម្នាក់ដើររើសអេតចាយចិញ្ចឹមជីវិតខ្លួនឯង និងប្រពន្ធកូន តែជាអកុសលក៏បានបាត់ខ្លួនរហូតមិនឃើញវិលត្រឡប់ទីផ្ទះវិញឡើយ ចំណែកប្រពន្ធកូន បានតាមរកគ្រប់ទីកន្លែងតែតែជាង១ឆ្នាំហើយរកពុំឃើញសោះ។

លុះដល់វេលាម៉ោងជាង ៥ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ មានម្ចាស់ដីឡូត៍មួយកាប់ឆ្ការព្រៃក៏ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់សល់តែគ្រោងឆ្អឹង នៅក្នុងព្រៃដីឡូត៌របស់គាត់ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក៏រាយការណ៍ជូននគរបាលបង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយពីទទួលបានដំណឹងនោះភ្លាម នៅវេលាព្រឹកថ្ងៃទី៨ ខែកញ្ញា ប្រពន្ធនិ ងកូនស្រី ព្រមទាំងបងប្អូនបានទៅមើលឃើញសម្លៀកបំពាក់ ហើយបានស្គាល់ច្បាថា គឺជាប្ដី និងឪពុករបស់ខ្លួន ដែលបាត់បាត់តាំងពីជាង១ឆ្នាំមុនមកនោះ បន្ទាប់មកក៏បានយកគ្រោងឆ្អឹងទៅធ្វើបុណ្យបូជានៅក្នុងវត្តតាំងកសាងខាងត្បូងតែម្ដង។

បុរសដែលស្លាប់ខាងឈ្មោះ ទេព ភាព អាយុ៣៧ឆ្នាំ មុខរបររើសអេតចាយ មានប្រពន្ធឈ្មោះ សេក ស៊ីថា អាយុ៣៨ឆ្នាំ មានកូនប្រុសម្នាក់ និងស្រី១នាក់នៅក្នុងបន្ទុកគ្រួសារ ។មានទីលំនៅភូមិដកព ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅនៅផ្ទះជួលក្នុងភូមិកើតហេតុនោះដែរ។ យោងតាមលទ្ធផលពិនិត្យកោសល្យវិច័្ចយរបស់នគរបាសបច្ចេកទេសរាជធានីភ្នំពេញ គឺបុរសនោះស្លាប់ដោយជម្ងឺខ្យល់គរ។

ស្រ្តីជាប្រពន្ធបាននិយាយថា កាលពីមុនប្ដីរបស់គាត់គឺជាអ្នករត់តុនៅក្នុងហាងលីគាម្ដុំពោធិ៍ចិនតុង ប៉ុន្តែក្រោយមកព្រោះជំងឺផ្ទុះឡើងហាងបានផ្អាកដំណើរការ ហើយប្ដីគាត់ក៏អត់ការងារធ្វើដែរ។ បន្ទាប់មកដោយពុំដឹងថា ត្រូវរកស៊ីអី ប្ដីគាត់ក៏បានដើររើសអេតចាយលក់ កាលនោះព្រឹកចេញរើស ដល់ល្ងាចត្រឡប់ចូលផ្ទះវិញរាល់ថ្ងៃ។

ស្រ្តីរូបនោះបាននិយាយទៀតថា លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក៏បានបាត់ខ្លួនរហូតតែម្ដង ខណៈនោះគាត់បានតាមរកគ្រប់កន្លែងតែពុំឃើញសោះ គិតរហូតមកដល់ពេលនេះជាង១ឆ្នាំមកហើយ គាត់គ្មានសង្ឃឹមថា អាចរកឃើញឡើយ។

រហូតដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែទទួលដំណឹងថា មានគេប្រទះឃើញគ្រោងឆ្អឹងសាកសពបុរសម្នាក់នៅក្នុងព្រៃដីឡូត៍ខាងលើ។ ភ្លាមៗនោះ គាត់រួមជាមួយកូនស្រីបានទៅមើល ទើបស្គាល់ថាជាប្ដីរបស់គាត់ បន្ទាប់មកក៏បាននាំយកទៅធ្វើបុណ្យនៅក្នុងវត្តតាំងកសាងខាងត្បូងតែម្ដង៕