(ព្រះសីហនុ)៖ ទូកនេសាទ (អូសមឹក) មួយគ្រឿងមានមនុស្ស៤នាក់លើនោះ បានលិចនៅកណ្ដាលផ្ទៃសមុទ្រចំណុចកោះវ៉ាង ព្រំប្រទល់ខេត្តព្រះសីហនុ និងកោះកុង ដោយសាររលកធំៗ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ តែត្រូវបានសមត្ថកិច្ច និងក្រុមអូរប័ររបស់ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះទាន់ពេលវេលា មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែបាត់បង់សម្ភារមួយចំនួន។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការបំភ្លឺពីកូនដៃទូកឈ្មោះ ហុត បឹប អាយុ៣០ឆ្នាំ រស់នៅភូមិម៉ុងរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរៀបរាប់ថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ទូកបានចេញដំណើរនេសាទពីចំណុចមុខកោះស្តេច ពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកបានទាក់ខ្សែង៉ាង (ខ្សែមង) ហើយចំពេលរលក់ធំៗទៀត ទើបបណ្តាលឲ្យទូកលិច ដោយនៅលើទូកមានមនុស្សចំនួន៤នាក់ ក្នុងនោះមានតាកុងទូក១នាក់ កូនដៃ៣នាក់ បានហែលឡើងលើគោកដោយសុវត្ថិភាព។
ជនរងគ្រោះទាំង៤នាក់នោះ រួមមាន៖ ទី១៖ ឈ្មោះ ចាន់ ពិសាល អាយុ៣៥ឆ្នាំ រស់នៅភូមិកាំពេញ ឃុំកាំពេញ ស្រុកស្ទឹងហាវ ជាតាកុងទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង, ទី២៖ ឈ្មោះ ដន ប៉ុននី អាយុ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានហែលឡើងគោកនៅចំណុចពយអាវតាផេង, ទី៣៖ ឈ្មោះ នាក់ ប៊ុនធឿន អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានហែលឡើងគោកនៅចំណុចពយអាវតាផេង និងទី៤៖ ឈ្មោះហុត បឹប អាយុ៣០ឆ្នាំ បានហែលឡើងមកដល់គោកចំណុចចំការតាមល់ (រួចរាយការណ៍មកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍)។
ក្នុងនោះជនរងគ្រោះបានបាត់បង់ ទូកអូស ១គ្រឿង, មងអូសមឹក ៣ចូរ (៣ដៃ), ប្រេង៥,០០០លីត្រ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាននាំមកផែកោះសង្សា ដើម្បីជិះអូរប័រក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ ទៅក្រុងព្រះសីហនុវិញ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ឬប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕