(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំ២០២១ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៃរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរ ទោះបីជាមានក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមមួយចំនួនប៉ុនប៉ង ធ្វើសកម្មភាពបង្កចលាចលនៅក្នុងរាជធានីភ្នំពេញក្តី កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ធានាបាននូវប្រក្រតីភាពជីវភាពសង្គម។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារចំនួន២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា៖ «សកម្មភាពបាតុកម្ម-កូដកម្មចំនួន ១៧៧លើក ត្រូវបានគ្រប់គ្រង រៀបចំសណ្តាប់ធ្នាប់ និងទប់ស្កាត់មិនឱ្យរីករាលដាលបង្កអសន្តិសុខដល់សង្គមជាតិបានឡើយ»

ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា ទន្ទឹមគ្នានោះ បទល្មើស ព្រហ្មទណ្ឌមានការថយចុះចំនួន ៣២៦លើក (៣២៨/៦៥៤លើក) ជិត ៥០% បើប្រៀបធៀបទៅ ឆ្នាំ២០២០ ក្នុងនោះបទល្មើសឧក្រិដ្ឋថយចុះជិត ៤៣% (៧២/១២៦លើក) និងបទល្មើសមជ្ឈឹម ថយចុះ ៥១,៥១% (២៥៦/៥២៨លើក) ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបមានកម្រិតខ្ពស់ រហូតដល់ ៩៤,៨៤% ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥០៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ដោយឡែកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតតាមគោលការណ៍ដឹកនាំរបស់សម្ដេចក្រឡាហោម និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដោយបានបើកយុទ្ធនាការបង្ក្រាបចំនួន ៩៤០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១,៥៩៩នាក់ ក្នុងនោះជនបរទេសចំនួន ៧៣នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទសរុបប្រមាណជាង ១៨គីឡូក្រាម អាវុធ ០៦ដើម រថយន្ត ០៩គ្រឿង ម៉ូតូ ២៣៦គ្រឿង ទូរស័ព្ទ២៧១គ្រឿង ព្រមទាំងឧបករណ៍សម្ភារៈ វត្ថុតាងមួយចំនួនទៀត កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ចំណុចកត់សម្គាល់ក្នុងឆ្នាំ២០២១ នគរបាលរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងបិទក្លឹបកំសាន្តមួយកន្លែងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលជាទីតាំងពាក់ព័ន្ធនឹងការជួញដូរ ប្រើប្រាស់ និងរក្សាទុកសារធាតុញៀន។ ចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ចំនួន ១០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ (ស្រី ០៤នាក់ ជាជនជាតិវៀតណាម ០១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងបានរំដោះនារីរងគ្រោះ ចំនួន ១៧នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ច០៧នាក់ អាណាព្យាបាល ០៦នាក់ និងនាយកដ្ឋានជំនាញ ០៤នាក់ ដើម្បីបន្តនីតិវិធី)។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ក៏ត្រូវបានអនុវត្តជាប្រចាំដោយបានបង្ក្រាបចំនួន ៧១៤ករណី ឃាត់ខ្លួន ១,១៨១នាក់ (ស្រីចំនួន៣៤នាក់) ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ៥២៧ករណី ឃាត់ខ្លួន ៧៩៩នាក់ (ស្រី ១២នាក់) កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ និង១៨៧ករណីទៀត ត្រូវបានអនុវត្តវិធានការរដ្ឋបាល ណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ មានការថយចុះប្រមាណ ៤៣% (៧៤១/ ១៣០៥ លើក) ប៉ុន្តែតួលេខនៃជនរងគ្រោះបាត់បង់ជីវិត និងរងរបួសនៅមានអត្រាខ្ពស់នៅឡើយ។ ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីនគរបាលចរាចរណ៍ ក៏បានធ្វើសកម្មភាពចុះអប់រំផ្សព្វផ្សាយណែនាំជាសាធារណៈ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសម្រួលចរាចរណ៍ជាប្រចាំដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនោះបានកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចំនួន ៣១០ករណីផងដែរ។

ជាមួយគ្នានោះ គ្រោះថ្នាក់អគ្គីភ័យមានការថយចុះចំនួន ០៧លើក (១១០/១១៧ លើក) បណ្តាលឱ្យស្លាប់មនុស្ស ០៩នាក់ របួស ២៣នាក់ ព្រមទាំងខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងសម្ភារមួយចំនួន។ គ្រប់ករណីអគ្គិភ័យត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចេញអន្តរាគមន៍ទប់ស្កាត់ទាន់ពេលវេលាមិនឱ្យមានការរាលដាលបង្កជាមហន្តរាយធ្ងន់ធ្ងរឡើយ៕