(ភ្នំពេញ)៖ គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានបញ្ចប់ដំណើរទស្សនកិច្ចហើយ នៅទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨ កញ្ញានេះ។
មុនបញ្ចប់ដំណើរទស្សនកិច្ចនេះ លោកអភិបាល និងលោកស្រី រួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៍ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ នៅទីក្រុងហូជីមិញ ដែលធ្វើឡើងចាប់ពីថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២២។ ពិពណ៌នេះមានប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរបានចូលរួម ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទីផ្សារទេសចរណ៍ឲ្យបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ។
នាឱកាសនោះលោក ឃួង ស្រេង បានជួបពិភាក្សាការងារជាមួយលោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញ។ លោក PHAN VANMAI បានបង្ហាញទឹកចិត្តស្និតស្នាល និងស្វគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ចំពោះលោក ឃួង ស្រេង និងគណៈប្រតិភូ សម្រាប់ដំណើរទស្សនកិច្ចនៅទីក្រុងហូជីមីញ ចំពេលនៃការបើកសម្ពោធពិពណ៌ផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ។
លោក PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ហូជីមីញ-ភ្នំពេញ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល និងអប់រំជាចដើម។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់លោក PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២ តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់ វិនិយោគដើម្បីឲ្យអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។
លោកអភិបាល ក៏បានអបអរសាទរផងដែរ ចំពោះការលើកឡើងរបស់លោក PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យជោរីភ្នំពេញ ឲ្យកាន់តែល្អប្រសើរឡើង ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀត ដើម្បីកាត់បន្ថយចំណាយ ក្នុងការទៅព្យាបាលនៅក្រៅប្រទេស។ ភាគីវៀតណាម បានលើកឡើង ពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបាលជំងឺ នៅមន្ទីរពេទ្យជោរី ឬទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាមផងដែរ ដែលបន្ទុកការចំណាយលើទីក្រុងហូជីមិញ៕