(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន២ចំណុច សម្រាប់ការរៀបចំដាក់ចេញ នៅសេចក្ដីណែនាំ និងនីតីវិធីការផ្ដល់សេវាច្រកចេញចូលតែមួយ នៃរដ្ឋបាល «ឃុំ-សង្កាត់»

ការដាក់ចេញនូវអនុសាសន៍បែបនេះ ខណៈលោកអភិបាលខេត្តកែប ចូលរួមជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពី «បែបបទ និងនីតិវិធីការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាល «ឃុំ-សង្កាត់» នៅសាលប្រជុំសាលាខេត្តកែប នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

អនុសាសន៍ ២ចំណុច រួមមាន៖

*ទី១៖ ការរៀបចំយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល «ឃុំ សង្កាត់» អាចអនុវត្តបានទាំងការផ្ដល់សេវារដ្ឋបាលនានា របស់រដ្ឋបាលឃុំ សង្កាត់ និងការផ្ដល់សេវាផ្សេងទៀតនៅថ្នាក់ឃុំ សង្កាត់ ដែលស្ថិតក្រោមសមត្ថកិច្ចសម្រេច របស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ពន្ធ័ ដើម្បីជៀសវាងការបង្កើតយន្តការ ឬនីតិវិធីច្រើន សម្រាប់ការផ្ដល់សេវានៅ ឃុំ សង្កាត់ ដែលអាចបង្កភាពស្មុគស្មាញ និងការលំបាកដល់អ្នកអនុវត្ត និងប្រជាពលរដ្ឋ នាពេលកន្លងមក។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនៅសេចក្ដីណែនាំលេខ០១៧ សណន ចុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្តយន្តការច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ ដោយផ្ដោតជាសំខាន់លើបែបបទ និងនីតិវិធីនៃការផ្ដល់សេវាពាក់ពន្ធ័នឹងការងារអត្តសញ្ញាណកម្មតែប៉ុណ្ណោះ។ ដូច្នេះការដាក់ចេញនូវសេចក្ដីណែនាំលេខ០១៨នេះ នឹងផ្ដល់ភាពងាយស្រួលដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការរៀបចំយន្តការមួយ សម្រាប់ការផ្ដល់សេវាជូនប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមាននៅថ្នាក់ឃុំ សង្កាត់។

ទន្ទឹមនេះ ការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាល ឃុំ សង្កាត់នេះ មានសង្គតិភាពជាមួយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលរាជរដ្ឋាភិបាល នឹងផ្ទេរមុខងារថ្មីៗបន្ថែមទៀត មកឲ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងបង្ខិតការផ្ដល់សេវារដ្ឋបាល ឲ្យបានកាន់តែខិតជិតប្រជាពលរដ្ឋ។

*ទី២៖ សេចក្ដីណែនាំលេខ០១៨នេះ បានរៀបចំឲ្យមានគំរូទម្រង់បែបបទ ពាក្យស្នើសុំតម្រូវការឯកសារ ភ្ជាប់នឹងទម្រង់លិខិតបញ្ជាក់នានា សម្រាប់ការស្នើសុំសេវាតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់ ដែលមានលក្ខណ:សាមញ្ញ និងជាស្តង់ដាររួមតែមួយ សម្រាប់អនុវត្តនៅទូទាំងប្រទេស។

កន្លងមកនៅពេលដែលក្រុមការងារបច្ចេកទេសចុះទៅសិក្សាស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅតាមបណ្ដា ឃុំ សង្កាត់ គោលដៅមួយចំនួន បានរកឃើញថា ប្រភេទសេវាភាគច្រើន មិនទាន់មានការណែនាំ ឲ្យបានច្បាស់ អំពីទម្រង់បែបបទ តម្រូវការឯកសារភ្ជាប់ និងគំរូលិខិតបញ្ជាក់ ដែលមានលក្ខណៈជាស្តង់ដាររួមតែមួយ សម្រាប់ការអនុវត្តនៅទូទាំងប្រទេសនៅឡើយទេ។ ដូច្នេះរដ្ឋបាលឃុំ សង្កាត់ បានរៀបចំជាទម្រង់បែបបទ និងលិខិតបញ្ជាក់មួយចំនួន សម្រាប់ការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលជាហេតុធ្វើឲ្យការស្នើសុំមានលក្ខណៈស្មុគស្មាញ និងខុសគ្នាពីឃុំមួយទៅឃុំមួយ។

អាស្រ័យហេតុនេះហើយ នៅក្នុងឧបសម្ព័ន្ធភ្ជាប់ និងសេចក្ដីណែនាំលេខ០១៨នេះ ក្រសួងមហាផ្ទៃ បានកំណត់ឲ្យបានច្បាស់លាស់តែម្ដង ពីគំរូទម្រង់បែបបទ ពាក្យស្នើសុំតម្រូវការឯកសារភ្ជាប់ និងទម្រង់លិខិតបញ្ជាក់នានា សម្រាប់ការស្នើសុំសេវាតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ និងបុគ្គលិកផ្ដល់សេវា នៅក្នុងយន្តការច្រកចេញចូលតែមួយ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីគោលបំណងពាក់ព័ន្ធកិច្ចប្រជុំខាងលើ គឺសំដៅសំខាន់ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ ដែលបានកំណត់ នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីរបបនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាល «ឃុំ-សង្កាត់» នីមួយៗ សំដៅដាក់ដំណើរការយន្តការនេះ ឲ្យបានឆាប់រហ័ស៕