(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនាឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌»។
ទិវានេះបានធ្វើឡើងក្រោមវត្តមានលោក សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តឧត្តរមានជ័យ បានបង្ហាញថា លទ្ធផលនៃការចុះស្រាវជ្រាវជាប្រចាំនៅគ្រប់មូលដ្ឋាន គឺពុំមានការកែឆ្នៃផលិតគ្រឿងញៀនសំយោគ ATS និងការចម្រាញ់ប្រេងរុក្ខជាតិ និងការដាំដុះកញ្ឆាឡើយ។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏មានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាសង្ស័យមួយចំនួន លបលួចធ្វើចរាចរគ្រឿងញៀនខុសច្បាប់ក្រោមរូបភាព៖ ការចរាចរឆ្លងកាត់ និងការចែកចាយនៅទីកន្លែងស្មុគ្រស្មាញដូចជា តំបន់ដាច់ស្រយាលជាដើម។
លោក សង់ រីហា បានថ្លែងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានយកចិត្តទុកដាក់បំផុសចលនាមហាជន ឱ្យចូលរួមវិធានការបង្ការ និងទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយសហការបានល្អជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យស្ថានភាពគ្រឿងញៀនក្នុងខេត្តមានការប្រែប្រួលជាបន្តបន្ទាប់។ ដោយកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មានស្មារតីក្នុងការទទួលខុសត្រូវ ក្នុងការអនុវត្តការបង្រ្កាបបទល្មើសគ្រឿងញៀន មានការសាមគ្គីផ្ទៃក្នុងល្អ នឹងចុះបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
លោកអភិបាលរងខេត្ត ក៏បានថ្លែងនូវលទ្ធផលនៃការអនុវត្តផែនការលេខ០១ ផ.ក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ រយៈពេល១២ខែ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
លោកបានបន្តថា គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានការចូលរួមពីការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បានធ្វើវេទិការសាធារណៈនៅតាមមូលដ្ឋាន ឃុំ សង្កាត់ នៅតាមសាលារៀន ដើម្បីផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការចុះចែកខិតប័ណ្ណអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿញៀន ផ្តល់លេខទូរស័ព្ទជូនប្រជាពលរដ្ឋ។
លោក សង់ រីហា បញ្ជាក់ផងដែរថា ដោយខេត្តឧត្តរមានជ័យ ជាខេត្តជាប់តាមបណ្តោយព្រំដែនប្រទេសថៃ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានទទួួលការអនុញ្ញាតិពី អ.ជ.ប.គ.ញ បង្កើតការិយាល័យទំនាក់ទំនងព្រំដែន BLO ចំនួន៣ ដែលតាមរយះយន្តការនេះ យើងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីជំរុញការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីឈានទៅកសាងភូមិ ឃុំ តាមតំបន់ព្រំដែនគ្មានគ្រឿងញៀន និងជាស្ពានក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធដល់សភាពការណ៍ និងសកម្មភាពរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀន។
លោក សង់ រីហា បានថ្លែងថា អនុវត្តវិធានការច្បាប់ លទ្ធផលនៃការបង្រ្កាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត បាន១៩ករណី ឃាត់ខ្លួនមនុស្ស២៩នាក់ ស្រីចំនួន៧នាក។ គណៈកម្មការបំផ្លាញគ្រឿងញៀន បានប្រជុំផ្ទៀងផ្ទាត់ និងបើកកញ្ចប់គ្រឿងញៀន នៅសាលប្រជុំសាលាដំបូងខេត្ត ដោយបានបើកកញ្ចប់គ្រឿងញៀន នៃសំណុំរឿងដែលមានសាលក្រមស្ថាពរចំនួន ៤២សំណុំរឿង ក្នុងនោះមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ៣៩២.៤៧ក្រាម និងប្រភេទ WY ចំនួន២៨៥គ្រាប់ ផងដែរ៕