(ភ្នំពេញ)៖ ក្នុងរយៈពេល៤ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីប្រជាពលរដ្ឋ ចំនួន១៦៤បណ្ដឹង។

នេះបើតាមការឲ្យដឹងពីលោក ហេង លឹមទ្រី អនុរដ្ឋលេខាធិការទទួលបន្ទុកពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច»។

លោកបានគូសបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្ដឹងទាំង១៦៤នោះ បានបញ្ជូនទៅស្ថាប័នផ្សេងដោះស្រាយ ចំនួន៧៤បណ្ដឹង, តម្កល់ទុកមិនចាត់ការ ចំនួន០៧បណ្តឹង, ម្ចាស់បណ្តឹងស្នើសុំដកពាក្យវិញ ចំនួន០៥បណ្តឹង, ចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវ និងដោះស្រាយ ចំនួន១០៣, បិទបញ្ចប់សំណុំរឿង ចំនួន២៣បណ្ដឹង, បង្វែរទៅស្ថាប័នផ្សេងដោះស្រាយ ចំនួន០៩បណ្ដឹង, ធ្វើលិខិតជំរុញការដោះស្រាយ ចំនួន២១បណ្តឹង, ម្ចាស់បណ្តឹងស្នើសុំជំរុញការដោះស្រាយ ចំនួន១៧បណ្ដឹង។

ដោយឡែក សម្រាប់ករណីសម្របសម្រួលជោគជ័យមានចំនួន១៦បណ្តឹង ក្នុងនោះ ករណីនៅខេត្តមណ្ឌលគិរីវិវាទដីធ្លីនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី រវាងតារាដ៏មានប្រជាប្រិយភាព និងសមាជិកក្រុមប្រឹក្សាខេត្ត, ករណីនៅខេត្តព្រះសីហនុ ភាពមិនប្រក្រតីពាក់ព័ន្ធបំណងរឹបអូសយកដីមណ្ឌលកុមារកំព្រា និងសាលានៃក្តីសង្ឃឹមសាខា ក្រុងកំពង់សោម របស់អង្គការមួយ ក្រោមហេតុផលអភិវឌ្ឍន៍, ករណីនៅខេត្តបន្ទាយមានជ័យ វិវាទដីធ្លីនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រវាងប្រជាពលរដ្ឋ និងឧត្តមសេនីយ៍ និងករណីនៅរាជធានីភ្នំពេញ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយប្រជាពលរដ្ឋ៕