(ភ្នំពេញ)៖ ជាង៩ខែ ពោលគឺគិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះ ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងបានផាកពិន័យយានយន្តដឹកលើសទម្ងន់ និងឃាត់ទុករយៈពេល១ឆ្នាំ ចំនួន ២៥៩គ្រឿងហើយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្រុមការងារចល័តចម្រុះរបស់ក្រសួង តែងតែចុះឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់ដូចភ្លៀងរលឹម ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះដឹកនាំដោយ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកហូរ និងស្ថានីយក្រសាំង ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញ ៥គ្រឿង ដោយក្នុងនោះយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ ទាំង៥គ្រឿងត្រូវបានពិន័យ និងត្រូវឃាត់ទុករយៈពេល ១ឆ្នាំ ដោយដឹកលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
យានយន្តទាំង៥គ្រឿង ខាងលើដឹកលើសទម្ងន់អនុញ្ញាតចាប់ពី ១៨តោន ដល់ ២១តោន ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ត្រា៦០ យានយន្តដឹកទាំងនោះ ត្រូវពិន័យ ជាប្រាក់ និងឃាត់ទុកចំនួនមួយឆ្នាំ។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ២០ គីឡូម៉ែត្រលេខ១+១០០ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។
សូមជម្រាបដែរថា ជារឿយៗលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តែងតែបានអំពាវនាវម្តងហើយម្តងទៀត ទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។
ជាមួយគ្នានោះ ដើម្បីថែរក្សាផ្លូវកុំឱ្យឆាប់ខូចមុនអាយុកាល លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវរូបមន្តដូចជា៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឱ្យដឹក ៣០តោន ប៉ុន្តែយើងដឹក៤០ តោន លើសដប់តោន នោះគេយក ១០ x ១០ ស្មើនឹង ១០០ យក ១០០ x ១០ ស្មើ ១០០០ យក១០០០ x ១០ ស្មើនឹង១០ ០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០ ០០០គ្រឿងដឹកទំនិញលើផ្លូវ ប៉ុន្តែបើមានឡានដឹកលើសទម្ងន់៣០ តោន គេយក ៣០ x ៣០ ស្មើនឹង៩០០ យក៩០០ x ៣0 ស្មើនឹង ២៧ ០០០ យក២៧ ០០០ x ៣០ ស្មើនឹង ៨១០,០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស ៣០តោនវាស្មើនឹងឡាន៨១០,០០០គ្រឿងបើកលើផ្លូវ នាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល៕